
ក្រុមហ៊ុន Asus ទើបបាននឹងបញ្ចេញកុំព្យូទ័រយួរដៃថ្មីទំនើបស៊ុមអេក្រង់ស្ដើង ទម្ងន់ស្រាល បំពាក់ខួរក្បាល Intel Core i7 ជំនាន់ចុងក្រោយ ម៉ូដែល VivoBook 14 X420 ជាមួយនឹងរូបឡើងកប់តែម្ដង។
កុំព្យូទ័រស៊ុមអេក្រង់ស្ដើងស៊េរីថ្មីរបស់ Asus ទើបបង្ហាញខ្លួនផ្លូវការក្រោមម៉ូដែល VivoBook 14 ដែលមានគែមទាំង៤ ស្ដើងទាន់សម័យ។ មិនតែប៉ុណ្ណោះ VivoBook 14 ថែមទាំងមានទម្ងន់ស្រាល ងាយស្រួលយកតាមខ្លួន អមដោយសមត្ថភាពខ្ពស់ប្រើឈីបជំនាន់ចុងក្រោយ Intel Core i7។ VivoBook 14 មានជម្រើសអង្គផ្ទុកទិន្នន័យ SSD ទំហំដល់ 512GB ហើយប្រើស្តង់ដារតំណភ្ជាប់ dual-band 802.11ac Wi-Fi ល្បឿនដល់ 867Mbps លឿនជាង 802.11n ៦ដង។
កុំព្យូទ័រគែមស្ដើង អេក្រង់លាតស្មើនឹង ៨៧% នៃផ្ទៃមុខនេះ ថែមទាំងមានកម្រាស់ស្ដើងត្រឹម ៥,៧មីល្លីម៉ែត្រ។ កុំព្យូទ័រយួរដៃថ្មីរបស់ Asus នេះ ប្រើបន្ទះបង្ហាញ FHD បច្ចេកវិទ្យា wide-view និងមានគែមស្ដើងត្រូវបានហៅថា NanoEdge display ធ្វើឱ្យរូបរាងរបស់ ViovoBook កាន់តែតូច តែនៅរក្សាទំហំបានធំដដែល។
VivoBook 14 X420 គឺជាម៉ូដែលឡេបថបទម្ងន់ស្រាលបំផុត និងជាម៉ូដែលតូច compact បំផុតក្នុងចំណោមស៊េរីកុំព្យូទ័រ VivoBook 14 ដោយមានវិមាត្រ 322.4 x 210 x 17.7mm, និងទម្ងន់ ១,៤គីឡូក្រាម។ តំណភ្ជាប់នៅលើ VivoBook 14 X420 រួមមាន USB Type-C, USB 3.1 Gen 1 Type-A, USB 2.0, HDMI output និង microSD card reader។ យ៉ាងណា ពេលនេះក្រុមហ៊ុនមិនទាន់បញ្ចេញឱ្យដឹងពីតម្លៃ និងកាលបរិច្ឆេទនឹងបញ្ចេញលក់កុំព្យូទ័រគែមស្ដើង ទម្ងន់ស្រាលរបស់ Asus នៅឡើយ៕