Apple បញ្ចេញ​ iOS 12 ជួយ​ឱ្យ​ iPhone ដំណើរការ​កាន់តែ​រលូន ជាពិសេសទូរស័ព្ទចាស់ៗ

ក្រុមហ៊ុន Apple បាន​បង្ហាញ​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុងក្រោយ​របស់​ខ្លួន iOS 12 ជា​ផ្លូវការ​មែន នៅ​ក្នុង​សន្និសីទ​អ្នក​អភិវឌ្ឍ​កម្មវិធី WWDC ​ឆ្នាំ​នេះ។

iOS 12 នឹង​ធ្វើ​ឱ្យ​ដំណើរការ​ទូរស័ព្ទ​ដំណើរការ​រលូន​ល្អ កែលំអ FaceTime ដែល​អាច​ប្រើ​ដល់ 32 នាក់​ក្នុង​ពេល​មួយ ​អាច​បង្កើត​រូប Animoji ​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់​ដោយ​មាន Animoji ​ថ្មី​ចំនួន 4 សម្រាប់​ប្រើ និង​ការ​ដាក់​ចេញ ARKit2 ​សម្រាប់​ប្រើប្រាស់​ជាមួយ​មុខងារ augmented reality។

ប្រព័ន្ធ​ថ្មី iOS 12 នេះ ត្រូវ​បាន​កែខៃ​ជួយ​បង្កើន​សមត្ថភាព​ដំណើរការ​លើ​មុខងារ​កម្មវិធី​មួយ​ចំនួន​លើ iPhone បាន​លឿន​ជាង​មុន និង​បទពិសោធន៍​លើ responsive ​ល្អ​ជាង​មុន​ផង​ដែរ។ ជាក់ស្ដែង នៅ​ពេល​អ្នក​កំពុង​បើក​កម្មវិធី Camera និង​វាយ​អក្សរ​ជាមួយ keyboard ​ជាដើម វា​នឹង​មាន​ល្បឿន​លឿន​ជាង​មុន។ ក្រៅពី​នេះ​ក៏​មាន​ចំណុច​កែលំអ​គួរ​កត់សម្គាល់​ជាច្រើន​ទៀត ដែល​អ្នក​នឹង​ទទួល​បាន​លើ iPhone ​ជាមួយ​សូហ្វ៊ែរ​ថ្មី​នេះ។

ក្រុមហ៊ុន Apple ក៏​បាន​បង្កើត​ផ្លូវកាត់ Shortcut កម្មវិធី​ថ្មី ដែល​អាច​ឱ្យ​អ្នក​ធ្វើការ​បញ្ចូល​គ្នា​នូវ​កិច្ចការ tasks ជាមួយ​ការ​ស្នើ​លើ​មុខងារ Siri ពោល​គឺ​រឹតតែ​វៃឆ្លាត ជា​ជំនួយការ​ល្អ​មួយ​សម្រាប់​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក។ Siri នឹង​រៀន​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក ហើយ​ណែនាំ​នៅ​ពេល​អ្នក​ចង់​ចូល​ទៅ​ផ្នែក​ណាមួយ​ពី Lock Screen។ អ្នក​ក៏​អាច​ប្រើ shortcut ជាមួយ​សំឡេង​បញ្ជា​របស់​អ្នក ឬ​បង្កើត​សំឡេង​ផ្ទាល់​របស់​អ្នក ជាមួយ​ Shortcut app ថ្មី៕