
និយាយពីស្មាតហ្វូនពីក្រុមហ៊ុន Sony ដូចអ្នកទាំងអស់បានដឹងហើយថា ក្រុមហ៊ុនជប៉ុនមួយនេះហាក់មិនសូវលេងម៉ូត ដូចក្រុមហ៊ុនមកពីចិន និងកូរ៉េមួយចំនួននោះទេ ដោយខ្លូននៅរក្សារចនាបទចាស់ ប៉ុន្តែសុខចិត្តបង្កើនសមត្ថភាពដំណើរការមកវិញ។
សម្រាប់ដែលយើងចង់និយាយនៅថ្ងៃនេះ គឺរូបភាពគំរូទូរស័ព្ទ Sony Xperia XZ4 ដែលត្រូវបានគណនី @OnLeaks និង MySmartPrice បញ្ចេញកាលពីពេលថ្មីៗនេះ លើផ្ទៃអេក្រង់លាតគ្មានឆកទំហំរហូត 6.5 អ៊ីញ និងក្រោយបំពាក់ដោយកាមេរ៉ារហូត 3 គ្រាប់។
យោងតាមប្រភព MySmartPrice បានបង្ហាញថា Xperia XZ4 មានអេក្រង់លាតទ្រវែង បន្សល់គែមលើក្រោម កាន់តែខ្លីមែនទែន និងមានកាមេរ៉ាខាងក្រោយលោតកាណុង ដល់ទៅ 3 គ្រាប់ ដូចទូរស័ព្ទម៉ូឌែលកំពូលៗ មួយចំនួនដែរ ដែលមើលទៅប្លែកដាច់តែម្តង។ ប្រភពមានបន្ថែមថា ទូរស័ព្ទនេះ អាចនឹងមានអេក្រង់លាតទ្រវែងដល់ទៅ 6.5 អ៊ីញ និងមានកម្រិត Aspect Ratio 19.5:9 ហើយមិនខ្វល់រឿងកោរសក់ចូលបក្សឆកនោះដែរ។
ចំណុចចុងក្រោយ Xperia XZ4 អាចនឹងមិនមានបន្ត ការបំពាក់រន្ធដោតកាស 3.5mm ទៀតឡើយ គឺអាចនឹងត្រូវលុបបំបាត់ចេញ ហើយលើសពីនេះ សេនស័រស្គេនម្រាមដៃ ក៏មិនឃើញមានបំពាក់នៅលើទូរស័ព្ទគំរូជំនាន់ថ្មីនេះដែរ។ XZ4 ត្រូវបានគេរំពឹងថា វាអាចនឹងប្រកាសចេញ នៅក្នុងខែកុម្ភៈ ឆ្នាំក្រោយនេះ ក្នុងព្រឹត្តិការណ៍ MWC 2019។ ចំពោះរូបរាងប៉ុណ្ណឹង តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?