
រាជធានីភ្នំពេញ៖ ក្រោយប្រកាសចេញនៅទីផ្សារបរទេសមិនបានប៉ុន្មានថ្ងៃផង ពេលនេះទូរស័ព្ទ Nokia 106(2018) ត្រូវបានក្រុមហ៊ុន HMD Global ប្រចាំប្រទេសកម្ពុជា ប្រកាសចេញលក់ជាផ្លូវការហើយក្នុងតម្លៃត្រឹមតែ 18 ដុល្លារប៉ុណ្ណោះ។ ទូរស័ព្ទ Nokia 106(2018) មានការរចនាតូចច្រឡឹងលើអេក្រង់ទំហំ 1,8 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត 160×120 ភិចសែល ជាមួយនឹងតួរខ្លួនផលិតពីសារធាតុ Polycarbonate អាចការពារការឆ្កូត និងសឹករិចរឹល បានល្អប្រសើរ។ Nokia 106 មានថ្មទំហំ 800mAh ដែលអាចសន្ទនាជាប់រហូតបានចំនួន 15 ម៉ោង និងអាចបើកទុកចោលបានរហូតដល់ទៅ 21 ថ្ងៃ ក្រោយពេលសាកថ្មពេញម្ដង។ សមត្ថភាពថ្មីនៃទូរស័ព្ទនេះ គឺវាអាចផ្ទុកលេខទំនាក់ទំនងបានរហូតដល់ 2000 និងរក្សាទុកសាររហូតដល់ 500 សារ ដែលអ្នកអាចរក្សាទំនាក់ទំនងជាមួយក្រុមការងារ និងគ្រួសារបានងាយស្រួល។
ទូរស័ព្ទ Nokia 106 អាចប្រើបានស៊ីមពីរ ដំណើរការដោយ CPU MTK 6261D មានមេម៉ូរីម៉ាស៊ីនទំហំ 4 MB និង RAM ទំហំ 4 MB អាចសាកថ្មបានតាមរយៈរន្ធ USB។ ចំពោះទូរស័ព្ទ Nokia 106 នេះ ប្រិយមិត្តទាំងអស់គ្នាអាចរកជាវបាននៅតាមហាងនានាប្រទេសកម្ពុជា ក្នុងតម្លៃ 18 ដុល្លារ ដោយមានតែមួយពណ៌ប៉ុណ្ណោះ គឺពណ៌ខ្មៅ៕