HMD Global ជាប់ចំណាត់ទី 10 លើម៉ាកដែលប្រជាជននៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកស្រឡាញ់បំផុត

ក្រុមហ៊ុនសោទស្សន៍ និងវិភាគសង្គម Talkwalker បានចេញរបាយការណ៍ថ្មីមួយដែលមានឈ្មោះថា “Brand Love Story 2020”។ នៅពេលដែលចំណងជើងនៃរបាយការណ៍បានបង្ហាញអំពីម៉ាកដែលត្រូវបានគេស្រឡាញ់បំផុតទាំងនៅទូទាំងពិភពលោក និងក្នុងតំបន់ទោះបីជាការផ្តោតសំខាន់បំផុតគឺនៅកម្រិតពិភពលោកក៏ដោយ។ វាក៏បង្ហាញពីយុទ្ធសាស្ត្រ និងសកម្មភាពសំខាន់ៗសម្រាប់ក្រុមហ៊ុនដើម្បីធ្វើឱ្យម៉ាករបស់ខ្លួនក្លាយជាម៉ាកដែលត្រូវបានគេស្រឡាញ់បំផុតនៅចំពោះមុខសាធារណជន។

នៅក្នុងរបាយការណ៍នោះដែរបានបង្ហាញថា ម៉ាកយីហោដែលមានគេស្រឡាញ់ច្រើនបំផុត គឺម៉ាក Lego ដែលត្រូវបានគេស្គាល់ថាក្រុមហ៊ុនផលិតប្រដាប់ប្រដាសង់លេងរបស់កុមារ។ ក្នុងនោះដែរ ប្រហែលជា 4% សម្រាប់ម៉ាកដែលគេស្រឡាញ់បំផុតមកពីវិស័យបច្ចេកវិទ្យា និងបង្កើតកម្មវិធីកុំព្យូ័រ ឬឧបករណ៍ចល័តនានា។ ចំណែកឯវិស័យសម្លៀកបំពាក់ និងសម្រស់ និងអាហារវិញនោះមានចំនួនអ្នកស្រឡាញ់ច្រើនជាងវិស័យផ្សេងៗទៅលើម៉ាកយីហោដែលមនុស្សស្រឡាញ់បំផុតនោះ។

បើទោះបីជាម៉ាកទូរស័ព្ទទាំងអស់មិនបានជាប់ចំណាត់ថ្នាក់កំពូលទាំង 50 នៅក្នុងបញ្ជីឈ្មោះនោះ ក៏មានក្រុមហ៊ុន HMD Global មួយដែលបានជាប់ចំណាត់ថ្នាក់កំពូលទី 10 នៅក្នុងបញ្ជីម៉ាកដែលគេស្រឡាញ់បំផុតនៅតំបន់បជ្ឈឹមបូព៌ា និងអាហ្វ្រិកនៅក្នុងចំណោមឈ្មោះម៉ាកផ្សេងទៀតដូចជា Etihad Airways, Four Seasons, Hyatt Hotels, TikTok និង Qatar Airways ជាដើម។

ចំណែកឯម៉ាកដែលមកពីវិស័យដូចគ្នានឹង HMD Global លើការផលិតទូរស័ព្ទដែរនោះ គឺម៉ាក Samsung បានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង 10 នៅក្នុងបញ្ជីនៃតំបន់អាមេរិកឡាទីនសម្រាប់ម៉ាកដែលគេស្រឡាញ់បំផុត។

Talkwalker បាននិយាយបន្ថែមទៀតដែរថា កត្តាដែលរួមចំណែកធ្វើឱ្យម៉ាកទាំងនេះត្រូវបានគេស្រឡាញ់ច្រើនបំផុតនោះមានដូចជា ការទទួលខុសត្រូវក្នុងសង្គម (CSR) ការឧបត្ថម្ភ បទពិសោធន៍របស់អតិថិជន ការចូលរួមក្នុងភាពទាន់សម័យនៃសង្គម ការបង្ហាញខ្លួនលើបណ្ដាញសង្គម និងការចូលរួមដោយផ្ទាល់ជាមួយនឹងក្រុមអ្នកគាំទ្រជាដើម។

យើងអាចនិយាយបានថា ម៉ាកយីហោ Nokia បានទទួលជោគជ័យ ហើយក្រុមហ៊ុន HMD Global គឺជាអ្នកទទួលខុសត្រូវក្នុងការនាំយកនូវកិត្តិនាមយីហោ Nokia នៅក្នុងវិស័យទូរស័ព្ទ ហើយពួកគេត្រូវការបិទបាំងរឿងខ្លះ បើមិនច្រើនទេ គឺដើម្បីទាមទារមកវិញនូវទំនុកចិត្តភាពជឿជាក់ពីមនុស្សដែលធ្លាប់បានបង្ហាញដល់ Nokia កាលពីប៉ុន្មានឆ្នាំមុន៕

ប្រភព៖ Nokia Mob