កប់ហ្មង! រថយន្ត Rolls Royce ប្រភេទ SUV ឆ្នាំ 2019 ពេលនេះមកដល់ខ្មែរហើយ!

ពិតជា​កប់​ណាស់ ពេលនេះ​ក្រុមហ៊ុន​ផលិត​រថយន្ត​កម្រិត​លំដាប់ ដែល​ពិភពលោក​ទទួល​ស្គា​ស់ Rolls-Royce បានប្រកាស​ចេញ​នូវ​រថយន្ត​កម្រិត​លំដាប់​អភិជន​ម៉ូ​ឌែ​ល​ថ្មី​ឆ្នាំ 2019 ប្រភេទ Super-SUV ចូលមក​ទីផ្សារ​កម្ពុជា យើង​ហើយ​កាលពី​យប់​ថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2018 ម្សិលមិញ។

រថយន្ត​នេះ​មានឈ្មោះ​ហៅ​ជា​ផ្លូវការ​ថា Cullinan ជា​ប្រភេទ SUV ដែលមាន​ទំហំ​ធំ មាឌ​យក្ស មាន​ទ្វា 5 សងខាង 2 និង​ក្រោយ 1។ រថយន្ត​នេះ​អាច​យកទៅ​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ ពិសេស​ស៊ី​ជាមួយនឹង​ប្រភេទ​ផ្លូវ Off-road ឬ​ផ្លូវដី ដោយមាន​ប៉ុង 2 ជា​ប្រភេទ all-wheel drive ធន់​ជាមួយនឹង​ផ្លូវពិបាកៗ ព្រោះ​វា​មាន​ប្រព័ន្ធ​ប៉ូ​ម​អេ​ឡិច​ត្រូ​និ​ច ដែល​សម្រប​ទៅតាម​ស្ថានភាព​ផ្លូវ និង Mode ដែល​ម្ចាស់​របស់​វា​កំណត់ ដូចជា​ផ្លូវ​បើក ទួល ដីស្អិត ផុ​ក ព្រិល ដីខ្សាច់ ស្មៅ​មាន​សំណើម ថ្ម ជាដើម ជាមួយនឹង​ប្រព័ន្ធ​ការពារ កាមេរ៉ា​ជុំវិញ យ៉ាង​មាន​សុវត្ថិភាព។

រថយន្ត Rolls-Royce Cullinan ប្រើប្រាស់​នូវ​ម៉ាស៊ីន V12 លើ​ស៊ីឡាំង​កម្រិត 6.75-liter Twin-Turbo ផ្ដល់នូវ​សន្ទុះ និង​ល្បឿន​លឿន​មិនធម្មតា ជាមួយ​កម្លាំង 563 កម្លាំង​សេះ ដោយ​កង់​របស់​វា​អាច​រត់​បាន​ចំនួន 5000 ជុំ​ក្នុង​មួយ​នាទី។

មិនតែប៉ុណ្ណោះ បើ​ក្រឡេក​ទៅ​មើល​ផ្នែក​ខាងក្នុង​វិញ​ឃើញថា នេះ​មិនមែនជា​រថយន្ត​លំដាប់ SUV ទូទៅ​ឡើយ វា​ប្រណិត​កប់​តែម្ដង មាន​ពូក​ស្បែក លាយឡំ​ជាមួយ​លោហៈ​កម្រិត​ខ្ពស់ ប្រព័ន្ធគ្រប់គ្រង​ទំនើប ប្រើប្រាស់​កៅអី​ចុច ទ្វា​ចុច កញ្ចក់​ចុច ពិសេស​មាន​ទីតាំង​ធំ​លូ​លាយ អាច​ជិះ​បាន 5 នាក់ អាច​ទទួលទាន​ភេសជ្ជៈ​កម្រិត High បាន​ទៀតផង អម​ជាមួយនឹង​គូទ​ក្រោយ​ត​កៅអី​ចេញ​សម្រាប់​បរិយាកាស Romantic។ ចំពោះ​តម្លៃ​នៃ​រថយន្ត Rolls-Royce Cullinan ត្រូវគេ​បង្ហើប​ឲ្យ​ដឹងថា​វា​មានតម្លៃ​ប្រមាណ 1 លាន​ដុល្លារ​សហរដ្ឋអាមេរិក​ស​ម្រា​ប់​ទីផ្សារ​កម្ពុជា​យើង៕