Huawei ទំនងជាចូលប្រឡូកក្នុងទីផ្សារកុំព្យូទ័រ និងអេក្រង់ធំៗ

ប្រហែលជាមានការហាមឃាត់ពីខាងសហរដ្ឋអាមេរិក ឬក៏ប្រហែលជាការជម្រុញរបស់ Xiaomi ឱ្យចូលប្រឡូកក្នុងវិស័យទីផ្សារអេក្រង់កុំព្យូទ័រ តាមប្រភពគួរឱ្យទុកចិត្តមួយបានបញ្ជាក់ថា ក្រុមហ៊ុន Huawei កំពុងសំឡឹងឃើញការចូលរួមក្នុងទីផ្សារផលិតអេក្រង់កុំព្យូទ័រ និងកុំព្យូទ័រ ហើយអេក្រង់ទាំងនោះអាចប្រើកញ្ចក់ប្រភេទរាបស្មើ ឬកោង។

ប្រភពបានបង្ហាញថា កញ្ចក់កោងនឹងត្រូវផ្គត់ផ្គង់ដោយក្រុមហ៊ុន TPV Technology ហើយកញ្ចក់រាបស្មើវិញនឹងត្រូវផលិតដោយក្រុមហ៊ុន BOEVT ដែលជាបណ្ដាញសម្ព័ន្ធរបស់ក្រុមហ៊ុន BOE។ អេក្រង់ដែលមានកញ្ចក់កោងប្រាកថជាក្លាយជាចំណាប់អារម្មណ៍របស់ទីផ្សារអ្នកចូលចិត្តលេងហ្គេម ហើយវានឹងមានអេក្រង់ 27 អ៊ីង និង 34 អ៊ីង។ រីឯអេក្រង់ដែលមានកញ្ចក់កោងវិញអាចនឹងមាន 3 ម៉ូដែល។ យ៉ាងណាមិញ មិនមានព័ត៌មានជាក់លាក់ណាមួយត្រូវបានផ្ដល់ពីការផលិតអេក្រង់ដែលមានកញ្ចក់រាបស្មើនោះទេ។

បន្ថែមពីនេះទៀត មានព័ត៌មានចចាមអារ៉ាមបានកើតឡើងថា ក្រុមហ៊ុន Huawei នឹងចូលក្នុងទីផ្សារកុំព្យូទ័រផងដែរ។ ដោយមានការផលិតដោយប្រើប្រព័ន្ធដំណើរការ HiSilicon 7nm Kunpeng 920 3211K របស់ខ្លួន កុំព្យូទ័រដំបូងរបស់ Huawei នឹងប្រើប្រព័ន្ធប្រតិបត្តិការ UOS ដែលជាប្រព័ន្ធប្រតិបត្តិការរបស់ចិនផលិតដោយក្រុមអេឡិចត្រូនិចចិន China Electronics និង ក្រុមហ៊ុនបច្ចេកវិទ្យា Wuhan ShenShiDuo Technology។ ចំណែកឯកុំព្យូទ័រវិញនឹងត្រូវផលិតដោយក្រុមហ៊ុន Foxconn ហើយការផលិតជំនាន់ទី 1 នឹងត្រូវផ្ដល់ជូនដល់អតិថិជនដែលជាដៃគូរបស់ Huawei៕

ប្រភព៖ TechXplor