HP ស្រឡាញ់បរិស្ថានដោយបង្កើតកុំព្យូទ័រយួរដៃ 3 ម៉ូដែលផលិតឡើងពីប្លាស្ទិចប្រមូលពីបាតសមុទ្រ

ដូចដែលប្រិយមិត្តដឹងហើយថា បញ្ហាសម្រាមប្លាស្ទិចកំពុងតែផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភពផែនដីយើង ជាពិសេសបរិស្ថាន និងសត្វនានាដែលកំពុងរស់នៅក្នុងបាតសមុទ្រ។ នាពេលថ្មីៗនេះ ក្រុមហ៊ុន HP Inc. បានធ្វើការប្រកាសបង្ហាញពីកុំព្យូទ័រយួរដៃស៊េរី Pavilion របស់ខ្លួន ដោយមានពណ៌ប្រណីត និងផលិតឡើងពីជ័រ និងប្លាស្ទិចនានាដែលគេប្រមូលចេញពីបាតសមុទ្រ។

HP's latest Pavilion laptops use recycled ocean-bound plastics

កុំព្យូទ័រយួរដៃ HP Pavilion 13, HP Pavilion 14 និង HP Pavilion 15 មានលក្ខណៈនៃការឌីហ្សាញបែបពណ៌ដិតៗបែបរសនិយមថ្មី និងជាកុំព្យូទ័រយួរដៃដំបូងរបស់ HP ដែលមានបំពាក់អង្គប្រតិបត្តិករ Intel Core ជំនាន់ទី 11 ជាមួយនឹងក្រាហ្វិច Intel Iris Xe។ កុំព្យូទ័រយួរដៃម៉ូដែលថ្មីទាំងនេះក៏ជាកុំព្យូទ័រយួរដៃដំបូងបង្អស់របស់ក្រុមហ៊ុនផងដែរដែលកំពុងបំប្លែងការកែច្នៃឡើងវិញនូវជ័រប្លាស្ទិចដែលប្រមូលបានពីបាតសមុទ្រ និងពីសម្ភារចាស់ៗ។

ក្នុងរយៈពេលនៃការរីករាលដាលនៃវីរុសកូវីដ 19 នៅជុំវិញពិភពលោក មនុស្សម្នាចាប់ផ្ដើមងាកមកប្រើកុំព្យូទ័រដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងមិត្តភក្ដិ និងគ្រួសារ ដើម្បីកម្សាន្ដ និងដើម្បីប្រើក្នុងការសិក្សាបែបឌីជីថលរបស់ខ្លួនច្រើនជាងមុន ហើយជាងពាក់កណ្ដាលនៃអ្នកប្រើទាំងនោះ គឺពួកគេប្រើប្រាស់កុំព្យូទ័រច្រើនជាងប្រើទូរស័ព្ទ។

ទន្ទឹមនឹងនេះដែរ លោក Kevin Frost ប្រធានគ្រប់គ្រងសកល និងនាយកគ្រប់គ្រងទូទៅផ្នែកអតិថិជនប្រើប្រាស់ និងប្រព័ន្ធផ្ទាល់ខ្លួនបានឱ្យដឹងថា ពេលដែលត្រូវផលិតកុំព្យូទ័រសម្រាប់អ្នកប្រើជំនាន់ថ្មី ក្រុមហ៊ុនចង់ឱ្យអ្នកប្រើប្រាស់ទទួលបាននូវការប្រើកុំព្យូទ័រដោយរីករាយ គឺមិនត្រឹមតែក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះទេ តែសម្រាប់ច្រើនឆ្នាំខាងមុខជាបន្តបន្ទាប់។ ក្នុងនោះដែរ HP ផ្ដល់មកជាមួយនូវមុខងារប្រកបដោយអានុភាព យុវភាព ការរចនាពណ៌ប្រណីតទៅក្នុងកុំព្យូទ័រតែមួយ ដោយធ្វើឱ្យវាអាចគ្រប់គ្នារក្សាទំនាក់ទំនង កម្សាន្ដ និងសិក្សា។

HP ក៏បានបន្ថែមទៀតផងដែរថា ការអភិវឌ្ឍជាចីរភាពបន្តក្លាយជាគន្លឹះសម្រាប់ក្រុមហ៊ុនក្នុងការបង្ហាញចេញជាកុំព្យូទ័រ និងផ្ដល់ដំណោះស្រាយនានាផងដែរ។ សម្រាប់កុំព្យូទ័រ Pavilion ថ្មីទាំងបីខាងលើនេះមានការផលិតដោយប្រើប្លាស្ទិកដែលបានពីសម្ភារចាស់ៗ និងពីបាតសមុទ្រប្រហែលជា 92000 ដបប្លាស្ទិកពីសមុទ្រ និងទីលានចាក់សម្រាម។ ប្រអប់ខាងក្រៅ និងកំណល់ជាតិសរសៃត្រូវបានប្រើសម្រាប់ខ្ចប់កុំព្យូទ័រថ្មីនេះគឺអាចប្រើប្រាស់បានឡើងវិញ និងថែរក្សាបរិស្ថានបាន 100 ភាគរយ។ លើសពីនេះ កុំព្យូទ័រថ្មីទាំងនេះក៏ត្រូវបានចុះបញ្ជី EPEAT Silver សម្រាប់បរិក្ខារដែលបានផលិតគ្រប់លក្ខខណ្ឌតម្រូវសម្រាប់ផ្នែកបច្ចេកវិទ្យាព័ត៌មានក្នុងការថែរក្សាបរិស្ថាន និងទទួលបានការទទួលស្គាល់គុណភាពពី Energy Star សម្រាប់ការសន្សំសំចៃថាមពលប្រើប្រាស់។

មួយវិញទៀត HP ក៏បានបន្ថែមទៀតដែរថា ថាមពលថ្មប្រើប្រាស់សម្រាប់កុំព្យូទ័រម៉ូដែលថ្មីនេះអាចប្រើបានខ្ទង់ 8 ម៉ោងកន្លះ ហើយអាចសាកថ្មបាន 50 ភាគរយក្នុងរយៈពេលត្រឹមតែ 45 នាទី។ Pavilion 13 មានអេក្រង់បង្ហាញរូបកម្រិត 1080p ឬ 4K Ultra HD ដែលមានតម្លៃប្រហែល $680 ខណៈ Pavilion 14 & 15 អាចបង្ហាញរូបកម្រិត 720p ឬ 1080p ដោយមានតម្លៃប្រហែល $580 និង $600។ កុំព្យូទ័របរិស្ថានទាំងនេះនឹងមានចេញលក់នៅលើគេហទំព័រ HP.com នៅខែក្រោយនេះ៕

ប្រភព៖ The Recycler & Engadget