
តាមដំណឹងច្បាស់ការ នៅពាក់កណ្ដាលខែធ្នូនេះ ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនយក្សកូរ៉េ និងចិន កំពុងដណ្ដើមគ្នាបញ្ចេញស្មាតហ្វូនបំពាក់អេក្រង់ Infinity-O លើស្មាតហ្វូនរៀងៗខ្លូន ដោយ Samsung អាចនឹងបញ្ចេញ Galaxy A8s ខណៈ Huawei អាចនឹងចេញ Nova 4។
តាមរយៈការបង្ហោះនូវរូបភាពថ្មីមួយទៀតនៅលើ Weibo ដែលទម្លាយថា ស្មាតហ្វូនស៊េរីថ្មី Huawei Nova 4 របស់ខ្លួននឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 17 ខែធ្នូខាងមុខ ស្របពេលដែល Galaxy A8s របស់ Samsung នឹងចេញកាត់មុខនៅថ្ងៃ 10 ធ្នូនេះហើយ។ អេក្រង់ទូរស័ព្ទទាំងពីរ Nova 4 និង Galaxy A8s នឹងប្រើអេក្រង់ LCD ផលិតដោយ BOE ប៉ុន្តែត្រូវគេរំពឹងថា ទូរស័ព្ទរបស់ Samsung នឹងមានលក្ខណៈទំនើបជាងរបស់ Huawei។
លក្ខណៈសម្បត្តិរំពឹងលើ A8s នឹងមានអេក្រង់ 6,3 អ៊ីញកម្រិត 2340x1080px អមជាមួយសមាមាត្រ 19.5:9 ហើយប្រើឈីប Snapdragon 710 ជាមួយទំហំ RAM 8GB និងកាមេរ៉ា selfie 24MP បង្កប់ក្នុងអេក្រង់មុខរបស់វា ស្ថិតចំប្រឡោះរាងអក្សរអូ ‘O’ ហើយនឹងមានកាមេរ៉ាក្រោយភ្លោះ 3 ផងដែរ ដែលមួយជា lens ធម្មតា មួយទៀតជា ultra-wide និងទី 3 ជា depth sensor។
ដោយឡែក Nova 4 ត្រូវគេរំពឹងថានឹងប្រើប្រាស់នូវបន្ទះឈីប Kirin 980 ដែលជាបន្ទះឈីបដែលប្រើប្រាស់នៅលើស្មាតហ្វូន Mate 20 series និងស្មាតហ្វូន Honor Magic 2 ហើយប្រើប្រាស់នូវរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។ ស្មាតហ្វូននេះមិនប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Sensor នោះទេនៅផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់វា ប៉ុន្តែវាមានការប៉ាន់ស្មានថាស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់បាន៕