បើទោះបីជាវីរុសកូវីដ 19 នៅបន្តអូសបន្លាយ ក៏ប្រាក់ចំណេញប្រចាំត្រីមាសរបស់ក្រុមហ៊ុន Samsung បានកើន 58 ភាគរយធៀបនឹងឆ្នាំមុន

បរទេស៖ តាមរយៈការណែនាំពីប្រាក់ចំណូលសម្រាប់ត្រីមាសទី 3 របស់ក្រុមហ៊ុន Samsung បានបង្ហាញ ក្រុមហ៊ុនរំពឹងថាប្រាក់ចំណេញលើប្រតិបត្តិការរបស់ខ្លួននឹងមានចំនួន 10.6 ពាន់លានដុល្លារអាមេរិក។ ចំនួននេះ គឺប្រហែលជា 58 ភាគរយបើធៀបនឹងឆ្នាំមុន។ របាយការណ៍លម្អិតនឹងបង្ហាញនៅពេលក្រោយ ប៉ុន្តែភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមអ្នកវិភាគសង្ស័យថាការលក់ទូរស័ព្ទចល័តអាចមានចំនួនលក់ចេញច្រើនសម្រាប់ទូរស័ព្ទស៊េរីតម្លៃមធ្យមជាជាងទូរស័ព្ទដែលមានតម្លៃថ្លៃៗដូចជា Galaxy Note 20 និងបន្ទះឈីបក្រាហ្វិចសម្រាប់ឧបករណ៍ហ្គេមថ្មីដែលបានរួមចំណែកលើលទ្ធផលចំណូលកើនឡើងនេះ។

ដោយឡែក មានកត្តាមួយទៀតបានបង្ហាញថាការបញ្ជាទិញបន្ទះឈីបពីក្រុមហ៊ុន Huawei យ៉ាងតក់ក្រហល់អាចចូលរួមចំណែកផងដែរ ព្រោះរោងចក្ររបស់ចិនបានប្រមូលទិញគ្រឿងបន្លាស់ទុកយ៉ាងច្រើនមុនពេលមានការរិតបន្តឹងពីសហរដ្ឋអាមេរិក។ មួយវិញទៀត ខាងអ្នកវិភាគរបស់ភ្នាក់ងារសារព័ត៌មាន CNBC វិញបានកត់សម្គាល់ថា Samsung នឹងត្រូវរំពឹងពីការស្ទុះចំណូលខ្លាំងនៅត្រីមាសទី 4 ដោយសារតែការផ្គត់ផ្គង់គ្រឿងបន្លាស់របស់ខ្លួនសម្រាប់ការផលិតទូរស័ព្ទ iPhone ម៉ូដែលថ្មីដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងខែតុលានេះ៕

ប្រភព៖ Engadget