រថយន្ត LX 570 ឆ្នាំ ២០២១ បង្ហាញខ្លួនជាផ្លូវការណ៍ ជាមួយលក្ខណៈសម្បត្តិថ្មីៗ

បរទេស៖ រថយន្ត Lexus LX 570 គឺជារថយន្តបុត្រសម្ព័នលំដាប់ជួរមុខរបស់ Toyota ហើយថ្មីៗនេះ រថយន្ត មួយនេះត្រូវបាន Lexus ប្រកាសចេញម៉ូឌែលឆ្នាំ ២០២១ បង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ជាមួយនឹងការបច្ចុប្បន្នភាពថ្មីៗ និងចុងក្រោយបំផុត។

ចំពោះរូបរាងខាងក្រៅ វាស្ទើរតែមិនមានការផ្លាស់ប្ដូរពីម៉ូឌែលចាស់ឡើយ តែក៏មានការផ្លាស់ប្ដូរខ្លះដូចជា អាចភ្ជាប់មុខងារ Amazon Alexa ក៏ដូចជាបំពាក់ពូកស្បែកពណ៌ការ៉ុត Glazed Caramel ថ្មីផងដែរ។ ចំណែកឯពណ៌ខាងក្រៅវិញ Lexus បានបន្ថែមពណ៌បៃតងចាស់ថ្មីមួយ ហៅថា Nori Green Pearl។

សម្រាប់ឆ្នាំ២០២១ នេះ Lexus បានបន្ថែមប្រភេទ Inspiration Series ក្នុងត្រកូល LX របស់ខ្លួន ដែលវានឹងផលិតមានចំនួនកំណត់ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ។
និយាយពីផ្នែកម៉ាស៊ីន LX 570 ឆ្នាំ ២០២១ នៅតែប្រើម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 មានកម្លាំង ៣៨៣សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។ វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៩១ ៥៨០ដុល្លារ សម្រាប់ប្រភេទកៅអី៣ជួរ និង ៨៦ ៥៨០ដុល្លារ សម្រាប់ប្រភេទកៅអី២ជួរ ដោយតម្លៃនេះគឺសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ខណៈប្រភេទ Inspiration Series មិនទាន់ត្រូវគេបង្ហាញតម្លៃឡើយ៕
ប្រភព៖ Carbuzz