Samsung ប្រកាសដាក់លក់នាឡិកាកីឡា និងតាមដានសុខភាព Galaxy Fit 2 និងឧបករណ៍សាកថ្មឥតខ្សែ Trio ថ្មី

បរទេស៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសដាក់លក់ផលិតផលថ្មីលើគេហទំព័រផ្លូវការរបស់ខ្លួនដូចជា នាឡិកាតាមដានសុខភាព និងកីឡា Galaxy Fit 2 និងឧបករណ៍សាកថ្មឥតខ្សែ Trio ថ្មីសម្រាប់ឱ្យអតិថិជនបញ្ជាទិញ ដែលផលិលផលទាំងពីរនេះត្រូវបានបង្ហាញតាមរយៈព្រឹត្តិការណ៍ Life Unstoppable ពីចម្ងាយកាលពីខែកញ្ញាកន្លងទៅនេះ។

ក្រុមហ៊ុន Samsung បានឱ្យដឹងថា នាឡិកាដាមតានសុខភាព និងកីឡា Galaxy Fit 2 នេះត្រូវបានផលិតឡើងដោយមានអេក្រង់ធំជាងម៉ូដែលមុន ព្រមទាំងមានថាមពលថ្មយូរជាងមុនថែមទៀតផង គឺវាអាចប្រើបានរហូតដល់ទៅ 3 សប្ដាហ៍រាល់ពេលសាកថ្មពេញម្ដងដោយអាស្រ័យលើការកំណត់ និងប្រើប្រាស់របស់លោកអ្នក។ នាឡិកា Galaxy Fit 2 នេះមានពណ៌ដូចជាខ្មៅ និងក្រហម ហើយតម្លៃរបស់វានៅលើគេហទំព័ររបស់ Samsung គឺ 59.99 ដុល្លារអាមេរិក។ នាឡិកានេះអាចស្ទង់យកសកម្មភាពប្រចាំថ្ងៃរបស់លោកអ្នក 24 ម៉ោងលើ 24 ម៉ោង ទាំងថ្ងៃ ទាំងពេលគេង។ លើសពីនេះ លោកអ្នកអាចពាក់វាពេលដែលហែលទឹកបានទៀតផង រីឯការរចនាវិញ មានភាពរឹងមាំ។ កានតែពិសេសជានេះទៀត វាអាចវាស់យកជំហានដើរ ចំនួនកាឡូរីដែលបានដុតបំផ្លាញនៅក្នុងខ្លួនរបស់លោកអ្នក កាឡូរីដែលនៅសល់ក្នុងមួយថ្ងៃ បរិមាណទឹកដែលលោកអ្នកបានពិសារ និងការគេងជាដើម។

បន្ថែមពីនេះទៀត លោកអ្នកអាចភ្ជាប់ទំនាក់ទំនងបានជានិច្ចដោយការទទួលបាននូវការផ្ដល់ព័ត៌មានពីការហៅទូរស័ព្ទ ឬការផ្ញើសារចូល អាចផ្ញើសារត្រឡប់ទៅវិញយ៉ាងឆាប់រហ័ស អាចពិនិត្យមើលកាលវិភាគនានា អាចមើលការព្យាករណ៍ផ្សេងៗជាដើម។ល។ គឺដោយគ្រាន់តែភ្ជាប់ជាមួយនឹងទូរស័ព្ទទំនើបរបស់លោកអ្នកតែប៉ុណ្ណោះ។ នាឡិកា Galaxy Fit 2 នេះអាចភ្ជាប់ការប្រើបានជាមួយនឹងទូរស័ព្ទ Samsung ទូរស័ព្ទដែលមានម៉ូដែលផ្សេងក្រៅពី Samsung ដោយប្រើប្រព័ន្ធប្រតិបត្តិការ Android 5.0 ឡើង និងមាន RAM ចាប់ពី 1.5GB ឡើង និងទូរស័ព្ទ iPhone 7 ឡើង ឬប្រើប្រព័ន្ធប្រតិបត្តិការ iOS 10.0 ឡើង។

លោកអ្នកអាចរកទិញនាឡិកានេះបាននៅលើគេហទំព័រ Samsung និង BHPhoto

ចំណែកឯឧបករណ៍សាកថ្មឥតខ្សែ Trio វិញនោះ គឺជាផលិតផលពិសេសខ្លាំងណាស់ ដោយឧបករណ៍នេះអាចឱ្យលោកអ្នកសាកថ្មឧបករណ៍ 3 ក្នុងពេលតែមួយ។ លោកអ្នកអាចសាកថ្មនាឡិកា ទូរស័ព្ទ ឬកាសស្ដាប់បានក្នុងពេលតែមួយ ពិតជាចំណេញ។ មួយវិញទៀត ឧបករណ៍នេះអាចបញ្ចូលថាមពលថ្មដល់ទូរស័ព្ទរបស់លោកអ្នកឆាប់ពេញជាមួយនឹងបច្ចេវិទ្យាសាកថ្មលឿន។ Trio នេះមាន 2 ពណ៌សម្រាប់ជ្រើសរើស គឺស និងខ្មៅ ដោយនៅលើគេហទំព័រ Samsung មានលក់ក្នុងតម្លៃ 89.99 ដុល្លារអាមេរិក។ លោកអ្នកក៏អាចទិញបាននៅលើគេហទំព័រ Amazon បានផងដែរ៕