
រាជធានីភ្នំពេញ៖ បន្ទាប់ពីបានចេញលក់នៅទីផ្សារបរទេសបានមួយរយៈធំ ពេលនេះទូរស័ព្ទ Nokia 3.1 Plus និង Nokia 5.1 Plus ត្រូវបានក្រុមហ៊ុន HMD Global បង្ហើបឲ្យដឹងថា ពួកវាទាំង ២ នឹងអាចបង្ហាញវត្តមានក្នុងទីផ្សារប្រទេសកម្ពុជា យើងក្នុងពេលឆាប់ៗនេះហើយ។
ទូរស័ព្ទទាំង ២ ម៉ូឌែលនេះ អាចចាត់ទុកថា ជាស្មាតហ្វូនដែលមានសមត្ថភាពដំណើរការល្អ លើលក្ខណៈសម្បត្តិ ល្អប្រសើរ ប៉ុន្តែមានតម្លៃសមរម្យអាចទទួលយកបានសម្រាប់ទីផ្សារកម្ពុជា យើង។ ទូរស័ព្ទ Nokia 3.1 Plus ប្រើនូវអេក្រង់ IPS LCD ប្រភេទ HD+ 1440 x 720p មានដង់ស៊ីតេ 268ppi ដំណើរការដោយបន្ទះឈីប MediaTek Helio P22 ជាប្រភេទ Octa-core មាន CPU ចំនួន 8 គ្រាប់រត់ក្នុងល្បឿន 2.0GHz អមនឹង GPU PowerVR GE8320 មាន RAM ទំហំ 3GB សម្រាប់អង្គផ្ទុកទិន្នន័យ 32GB ហើយធ្វើការបន្ថែមមេម៉ូរីក្រៅដល់ 400GB។
សម្រាប់ផ្នែកកាមេរ៉ាវិញ ខាងមុខមានទំហំ 8 MP កម្រិត Aperture f/2.2 ដែលថតរូបបែប Wide Angle និងខាងក្រោយ កាមេរ៉ាភ្លោះ ដោយកាមេរ៉ាគោលទំហំ 13 MP មានកម្រិត Aperture f/2.0 Auto Focus និងកាមេរ៉ាជំនួយទំហំ 5 MP កម្រិត Aperture f2.2 ជួយទៅដល់ការ ថតរូបបែប Portrait ដើម្បីកាត់រូបភាព ឲ្យមានផ្ទៃខាងក្រោយ ព្រាលស្អាត និងសមត្ថភាព ថតវីដេអូកម្រិត HD 720p សម្រាប់កាមេរ៉ាខាងមុខ និងកម្រិត Full HD 1080p សម្រាប់កាមេរ៉ាខាងក្រោយ។ Nokia 3.1 Plus ក៏មានសេនស័រ ស្កេនក្រយ៉ៅដៃ នៅខាងក្រោយ ស្ថិតក្រោមកាមេរ៉ា ដំណើរការដោយ Android 8.1 Oreo ចេញពីប្រអប់ស្រាប់។ ស្មាតហ្វូននេះក៏អាចប្រើប្រាស់ ស៊ីមកាតបាន 2 និងថាមពលថ្ម 3,500mAh។
ដោយឡែកសម្រាប់ Nokia 5.1 Plus វិញ ជាស្មាតហ្វូនដែលមានអេក្រង់ក្បាលឆកដូច Nokia 6.1 Plus ដែរ ប៉ុន្តែមានសមត្ថភាពទាបជាង។ ទូរស័ព្ទនេះ ប្រើអេក្រង់ 5.86 អ៊ីញ ប្រភេទកោង 2.5D អាចបង្ហាញរូបភាព HD+ 720×1520 ភិចសែល។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប MediaTek Helio P60 SoC មាន Ram ទំហំ 3GB និងទំហំផ្ទុក 32GB ហើយមានថាមពលថ្មដូចគ្នាទៅនឹងស្មាតហ្វូន Nokia 6.1 Plus គឺ 3,060mAh។
ចំពោះកាមេរ៉ា Nokia 5.1 Plus ប្រើកាមេរ៉ាភ្លោះ 13MP+5MP នៅផ្នែកខាងក្រោយលើកម្រិត Aperture f/2.0 និងមានកាមេរ៉ាខាងមុខទំហំ 8MP ជាមួយនឹងកម្រិត Aperture f/2.2 និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ហើយអាចធ្វើការ Update ទៅកាន់ Android 9 Pie ក្នុងពេលឆាប់ៗនេះដែរ។ ចំពោះតម្លៃ Nokia 5.1 Plus និងទូរស័ព្ទ Nokia 3.1 Plus សម្រាប់ទីផ្សារកម្ពុជា យើងមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែក៏មិនសូវខុសគ្នាពីទីផ្សារស្រុកក្រៅប៉ុន្មានដែរ។ ក្រុមការងារយើងនឹង Update ដំណឹងជូនពេលទទួលបានព័ត៌មានច្បាស់ការ៕