Samsung ប្រើរូបកាមេរ៉ា DSLR បន្លំថាជារូបថតបានមកពីកាមេរ៉ារបស់ Galaxy A8 Star ?

ថ្មីៗនេះ គេហទំព័រ Redmondpie បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Samsung បាន​ប្រើ​រូបភាព​ដែល​ថត​ដោយ​កាមេរ៉ា​អាជីព DSLR បន្លំ​ថា​ជា​រូ​ភាព​ដែល​ថត​បាន​ពី​ទូរស័ព្ទ Galaxy A8 Star សម្រាប់​ដាក់​អួត​លើ​ទំព័​រវេ​ប​សាយ​ដែល​និយាយ​ពី​ទូរស័ព្ទ​ខ្លួន។

ការរកឃើញ​កំហុស​ដ៏​ធំ​នេះ ធ្វើ​ឲ្យ​បន្ទាប់ពី​គេ​ដឹងថា រូបភាព​ដែល​ក្រុមហ៊ុន Samsung បានដាក់​លើ​គេហទំព័រ​ដែល​និយាយ​ពី Galaxy A8 Star គឺ​ត្រូវបាន​ទិញ​សេវាកម្ម​លក់​រូបភាព EyeEm ដោយ​បាន​​ថត​ដោយ​អ្នកស្រី Dunja Djudjic ជា​អ្នក​ថតរូប​អាជីព​មួយរូប។

ជាមួយគ្នានេះ នៅលើ​គេហទំព័រ​របស់​អ្នកស្រី Djudjic និយាយថា៖ ក្រុមហ៊ុន Samsung  បាន​ប្រើ​រូបភាព​ចេញពី​កាមេរ៉ា DSLR របស់ខ្ញុំ បោក​ថា​ជា​រូបភាព​ថត​ចេញពី​ស្មា​ត​ហ្វូ​ន ដោយ​ប្រើ​មុខងារ “Portrait Mode”។

សម្រាប់​រូបថត​មួយ​សន្លឹក​នោះ ត្រូវបាន Dunja Djudjic ដាក់លក់​ក្នុងតម្លៃ ៣ ជម្រើស​ផ្សេងគ្នា​ដោយ សម្រាប់​ការប្រើ​ក្នុង​បណ្ដាញ​សង្គម​មានតម្លៃ ២០ ដុល្លារ និង​វេ​ប​សាយ ៥០ ដុល្លារ ប៉ុន្តែ​បើ​ប្រើ​ពេញលក្ខណៈ​តែម្ដង​មានតម្លៃ ២៥០ ដុល្លារ។

ចំពោះករណីនេះ គេហទំព័រ​បស់ Samsung ក៏បាន​ធ្វើការ​កំណត់សម្គាល់​មួយ​ផងដែរ​ថា” រូបភាព​ទាំងនោះ គ្រាន់តែ​ជា​រូបតំណាងយុទ្ធនាការផ្សព្វផ្សាយ​តែប៉ុណ្ណោះ” ។ នេះមានន័យថា រូបថត​ដែល​បង្ហោះលើវេបសាយ​ទាំង​នោះ គឺមិនមែនជារូបភាពដែលបានថត​ចេញពីកា​មេរ៉ា​ទូរស័ព្ទ​នោះ​ទេ៕