កាណាដា ចាប់ខ្លួនកូនស្រីស្ថាបនិកក្រុមហ៊ុន Huawei សង្ស័យថាបានរំលោភបំពានលើទណ្ឌកម្មអាមេរិកប្រឆាំងអ៊ីរ៉ង់

លោកស្រី ម៉េង វ៉ាន​ចូ​វ (Meng Wanzhou) ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei ត្រូវជា​កូនស្រី​ម្នាក់​របស់​ស្ថាបនិក​ក្រុមហ៊ុន Huawei គឺ​លោក រិ​ន ចេង​ហ្វៃ (Ren Zhengfei) ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ទីក្រុង វែ​ន​ខូ​វើ (Vancouver) ប្រទេស​កាណាដា កាលពី​ថ្ងៃទី០១ ខែធ្នូ​កន្លងទៅ ពីបទ​សង្ស័យថា បាន​រំលោភបំពាន​លើ​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់ ។

យ៉ាងណាមិញ​ការចាប់ខ្លួន នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​មួយ​នេះ បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ភាព​តានតឹង​បន្ថែមទៀត​រវាង​ចិន​ និង​សហរដ្ឋអាមេរិក។

ជាក់ស្ដែង ផ្សារ​ហ៊ុន​អាមេរិក​បាន​ធ្លាក់ចុះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​ទីផ្សារ​អាស៊ី​ហាក់ដូចជា​ស្ថិតនៅក្នុង​ការកំណត់​មួយ ។

ជាមួយគ្នានេះ ភាគហ៊ុន​របស់​អូស្ត្រាលី​បាន​ធ្លាក់ចុះ 0.3% ប៉ុន្តែ​ស​ន្ទ​ស្សន៍​ហ៊ុន MSCI ធំជាងគេ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្រៅពី​ប្រទេស​ជប៉ុន​បាន​ប្រែប្រួល​បន្តិចបន្តួច មុនពេល​បើក​ទីផ្សារ​ផ្សេងទៀត​ក្នុង​តំបន់។

សរុបមក​ការចាប់ខ្លួន​នេះ វា​បាន​បង្កើន​អារម្មណ៍​នៃ​ការប៉ះទង្គិច​ដ៏​ធំ​រវាង​មហាអំណាច​សេដ្ឋកិច្ច​ធំ ៗ ទាំងពីរ មិន​ត្រឹមតែ​លើ​ពន្ធគយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លើ​ប្រព័ន្ធ​អនុត្តរភាព​បច្ចេកវិជ្ជា​ផងដែរ ៕