អស្ចារ្យ! កុមារាខ្មែរអាយុ១០ឆ្នាំម្នាក់ បង្កើតបាន App មួយយ៉ាងភ្ញាក់ផ្អើល!

កូនខ្មែរម្នាក់ទៀតហើយដែលមានសមត្ថភាពមិនធម្មតា បានបង្កើតកម្មវិធីក្នុងទូរសព្ទដៃមួយឈ្មោះថា Safe Zone ដែលជាកម្មវិធីមួយអាចឲ្យយើងរាយការណ៍ពីតំបន់គ្មានសុវត្ថិភាព និងគ្រប់គ្រងការធ្វើដំណើររបស់យើង ដែលមានជាការឲ្យជាសញ្ញាតាមរយៈទូរសព្ទដៃ។

កុមារាខ្មែរសញ្ជាតិអាមេរិកាំងអាយុ១០ឆ្នាំម្នាក់ឈ្មោះ Thynavid David Chea ដែលថ្មីៗនេះ ត្រូវបានប្រកាសជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងសមត្ថភាព WhiteHat Jr នៅទីក្រុង Silicon Valley តាមបណ្តាញសង្គម Twitter កាលពីសប្តាហ៍មុននេះ។

ដេវីដ គឺជាសិស្សរៀនថ្នាក់ទី ៥ នៅសាលាបឋមសិក្សាមួយ នៅទីក្រុង Tomball រដ្ឋ Texas ដែលត្រូវជ្រើសរើសឲ្យចូលរួម ប្រកួតសមត្ថភាព អនឡាញ របស់ Whitehat Junior ដែលមាន បេកភាពចូលរួមច្រើនជាង ៧០០០ អ្នក មកពីបណ្តាប្រទេសទូទាំងពិភពលោក។

ម្ចាស់ជ័យលាភីកម្មវិធី វ័យក្មេងរូបនេះបានប្រាប់ KhmerTomorrow ឲ្យដឹងថា ការប្រកួតប្រជែងនេះត្រូវបានធ្វើឡើងនៅក្នុងកម្មវិធី Silicon Valley Challenge ដែលអ្នកប្រកួតត្រូវមានគំនិតថ្មីៗដែលជាដំណោះស្រាយបញ្ហាប្រចាំថ្ងៃ រួមជាមួយការសរសេរកូដកម្មវិធីដោយឯករាជ្យ។ ក្រោយពីឆ្លងកាត់វគ្គជម្រុះ អ្នកចូលរួមត្រូវបានបង្វឹកបន្ថែមរវាងគ្រូម្នាក់សិស្សម្នាក់មុននឹងឈានដល់ការប្រកួតយកជ័យលាភី។

គួរបញ្ជាក់ផងដែរថា តំបន់ Silicon Valley ស្ថិតនៅតំបន់ភាគខាងត្បូងនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋ California គឺជាកន្លែងប្រមូលផ្តុំក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗ មានដូចជា ក្រុមហ៊ុន Apple ក្រុមហ៊ុនFacebook និងក្រុមហ៊ុន Google ជាដើមសុទ្ធតែជាក្រុមហ៊ុនដែលលេចធ្លោជាងគេលើពិភពលោក។ វាក៏ជាតំបន់តែមួយជាមួយសាកលវិទ្យាល័យល្បីៗ សារមន្ទីរប្រវត្តិសាស្រ្តកុំព្យូទ័រ និងមជ្ឈមណ្ឌលស្រាវជ្រាវ ផ្នែកបច្ចេកវិទ្យា ជាដើម៕