Hyundai Motor បង្កើតប្រព័ន្ធអេកូឡូស៊ីអគ្គិសនីនៅប្រទេសសឹង្ហបុរី

សឹង្ហបុរី៖ ក្រុមហ៊ុន Hyundai Motor Group បានចាប់ផ្ដើមបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់រថយន្ដអគ្គិសនី (EVs) នៅប្រទេសសឹង្ហបុរី។

ក្រុមហ៊ុនបានប្រកាសនៅថ្ងៃទី 12 ខែវិច្ឆិកានេះថា ខ្លួនបានចុះកិច្ចព្រមព្រៀងអាជីវកម្មជាមួយក្រុមហ៊ុន SP Group នៅប្រទេសសឹង្ហបុរី ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីអគ្គសនីនៅប្រទេសសឹង្ហបុរី និងអភិវឌ្ឍអាជីវកម្មថ្មីដោយប្រើអាគុយ។ ក្រុមហ៊ុន SP Group គឺជាក្រុមហ៊ុនចែកចាយអគ្គិសនី និងហ្គាសដ៏ធំជាងគេបំផុតរបស់សឹង្ហបុរី ហើយគ្រោងនឹងតំឡើងស្ថានីយ៍សាកថ្មជាង 1 ពាន់កន្លែងសម្រាប់រថយន្ដអគ្គិសនីនៅដំណាច់ឆ្នាំ។

ក្រុមហ៊ុនទាំងពីរក៏នឹងធ្វើការសិក្សារួមគ្នាមួយស្ដីពីគោលនយោបាយអគ្គិសនីរបស់រដ្ឋាភិបាលសឹង្ហបុរីដើម្បីប្រែក្លាយរថយន្ដទាំងអស់ទៅជារថយន្ដអេកូឡូស៊ីនៅឆ្នាំ 2040។

លើសពីនេះ ក្រុមហ៊ុនទាំងពីរក៏បានយល់ព្រមរៀបចំសេវាកម្មជាវអាគុយ និងសេវាកម្មគ្រប់គ្រងអាគុយ។ ពួកគេកំពុងគ្រោងបើកអាជីវកម្មប្រើអាគុយឡើងវិញដើម្បីប្រើអាគុយដែលមិនអាចប្រើបានសម្រាប់យានយន្ដសម្រាប់គោលបំណងផ្សេងទៀតដូចជាប្រព័ន្ធផ្ទុកថាមពល (ESSs) អាជីវកម្មកែច្នៃអាគុយដើម្បីទាញយកលោហធាតុសម្រាប់ប្រយោជន៍សេដ្ឋកិច្ចដូចជា លីចូម នីកែល និងសារធាតុវិទ្យុសកម្មគូប័លពីអាគុយ។

ក្រុមហ៊ុន Hyundai Motor Group បានចាប់ផ្ដើមសាងសង់មជ្ឍមណ្ឌលច្នៃប្រឌិតថ្មី Hyundai Mobility Global Innovation Center នៅប្រទេសសឹង្ហបុរី (HMGICS) នៅខែតុលា។ មជ្ឍមណ្ឌលនេះគឺជាមូលដ្ឋានសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍលើវត្ដជីវិតទាំងមូលរបស់រថយន្ដចាប់ពីការបញ្ជារហូតដល់ការផលិត ការធ្វើតេស្តលើការបើកបរ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗ។ ក្រុមហ៊ុន Hyundai Motor Group កំពុងគ្រោងបង្កើតប្រព័ន្ធផលិតកម្មរថយន្ដអគ្គិសនីខ្នាតតូចមួយនៅក្នុង HMGICS ដើម្បីប្រើវាក្នុងការសាកល្បងសម្រាប់ប្រព័ន្ធផលិតឆ្លាតវៃ៕

ប្រភព៖ Business Korea