ក្រុមហ៊ុន Ericsson ជំទាស់ការហាមមិនឱ្យ Huawei ចូលទីផ្សារប្រទេសស៊ុយអ៊េត

បរទេស៖ បន្ទាប់ពីមានការបិទមិនឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei មិនឱ្យមានការផ្គត់ផ្គង់បរិក្ខារសម្រាប់ប្រព័ន្ធបណ្ដាញទូរស័ព្ទ 5G នៅប្រទេសស៊ុយអ៊េតនាពេលថ្មីៗនេះ ក្រុមហ៊ុនភាគីខាងម្ចាស់ផ្ទះ និងជាដៃគូប្រកួតប្រជែងក្នុងវិស័យដូចគ្នា Ericsson បានធ្វើការប្រឆាំងលើការបិទរិតត្បិតនេះ។

ការគាំទ្រពីសំណាក់ដៃគូប្រកួតប្រជែងដោយនឹកស្មានមិនដល់នេះធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយក្នុងនោះដែរ លោក Borje Ekholm នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Ericsson នេះបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ការសម្រេចចិត្តក្នុងការរឹតបន្តឹងលើសេរីភាពក្នុងការប្រកួតប្រជែង និងពាណិជ្ជកម្មនេះនឹងធ្វើឱ្យការបញ្ចេញបច្ចេកវិទ្យាថ្មីៗយឺតយ៉ាវ។

កាលពីមួយខែមុន អាជ្ញាធរប្រៃសណីយ៍ និងទូរគមនាគមន៍ស៊ុយអ៊េត (PTS)  បានបង្ហាញនូវបញ្ជីឈ្មោះក្រុមហ៊ុនដែលត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការផ្គត់ផ្គង់ប្រព័ន្ធបណ្ដាញ 5G នៅប្រទេសអ៊ឺរ៉ុបខាងជើង ហើយមានលក្ខខណ្ឌពីរក្នុងចំណោមលក្ខខណ្ឌផ្សេងទៀតបានបញ្ជាក់ថា ការតំឡើងនេះមិនត្រូវរួមបញ្ចូលផលិតផលដែលមកពីក្រុមហ៊ុន Huawei និង​ ZTE ឡើយ ហើយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនានាដែលនៅសល់ត្រូវតែដកចេញមិនឱ្យប្រើមុនឆ្នាំ 2025។

See the source image

លោក Ekholm បានបង្ហាញថា ក្រុមហ៊ុនរបស់លោកកំពុងសាងឱកាសសម្រាប់ការធ្វើពាណិជ្ជកម្មដោយសេរី ហើយសម្រាប់ការយល់ឃើញរបស់លោក គឺវាពិតជាសំខាន់ក្នុងការបើកទីផ្សារឱ្យបានទូលំទូលាយ។ លោកក៏បានអះអាងបន្ថែមទៀតដែរថា ប្រទេសស៊ុយអ៊េតបានងាកខ្លួនចេញពីគោលការណ៍ណែនាំរបស់សហភាពអឺរ៉ុបស្ដីពីបណ្ដាញ 5G ដែលមានសុវត្ថិភាព ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនទូរស័ព្ទ និងនិយតករដើម្បីផលិតឧបករណ៍បរិក្ខារដើម្បីពង្រីកការត្រួតពិនិត្យដោយមិនមានការហាមឃាត់ក្រុមហ៊ុនណាមួយចំៗឡើយ។

See the source image

ទន្ទឹមនឹងនេះដែរ នៅមានហេតុផលផ្សេងទៀតដែលក្រុមហ៊ុន Ericsson និងលោក Ekholm ចង់ឱ្យក្រុមហ៊ុន Huawei អាចចូលប្រកួតប្រជែងបាន ដែលបច្ចុប្បន្ន ក្រុមហ៊ុនចិនកំពុងប្ដឹងឧទ្ធរណ៍ចំពោះសេចក្ដីសម្រេចនេះនៅក្នុងតុលាការដែលធ្វើឱ្យការបញ្ចេញប្រព័ន្ធបណ្ដាញ 5G ដាក់ឱ្យប្រើប្រាស់មានការយឺតយ៉ាវ។ កាលពីពេលដែលប្រព័ន្ធបណ្ដាញ 4G មកដល់ និងដាក់ឱ្យប្រើ អឺរ៉ុបហាក់ដូចជាស៊ាំនឹងការប្រើក្នុងលក្ខណៈយឺត ហើយប្រសិនបើវាកើតឡើងម្ដងទៀត នោះសេដ្ឋកិច្ចមុខជាអាចនឹងធ្លាក់ចុះសារជាថ្មី៕

 

ប្រភព៖ GSMArena