រយៈពេល ២ ឆ្នាំក្រោយចូលទីផ្សារ Nokia វៃចេញអស់ ៧០ លានគ្រឿង

បរទេស៖ នៅក្នុង​ថ្ងៃ​ដាក់​សម្ពោធ​ទូរស័ព្ទ Nokia 8.1 នៅ​ទីក្រុង​ឌូ​បៃ ក្រុមហ៊ុន HMD Global ដែលជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ទូរស័ព្ទ Nokia បាន​បង្ហើប​ឲ្យ​ដឹងថា រយៈពេល ២ ឆ្នាំ​បន្ទាប់ពី​ត្រលប់​ចូលក្នុង​ទីផ្សារ​ទូរស័ព្ទ​ចល័ត​វិញ ម៉ាក​សញ្ញា Nokia ចាប់ផ្ដើម​ដើរទៅ​មុខ ខណៈ​ចំនួន​នៃ​ការលក់​សរុប​មាន​រហូតដល់ ៧០ លាន​គ្រឿន។ ដែល​នេះ ជា​ចំនួន​មួយ​ដ៏​ល្អ និង​ក៏​ជា​ជោគជ័យ​ថ្មី​ក្រោយ​ក្លាយខ្លួនជា​អ្នក​គ្រប់​ម៉ាក​ផលិតផល​កាន់​ឆ្នាំ​មួយ​នេះ។

ស្មា​ត​ហ្វូ​ន​បើក​ក្បាល​ដំបូង​គេ របស់​ក្រុមហ៊ុន HMD Global គឺ​ម៉ូ​ឌែ​ល Nokia 6 ហើយ​បន្តបន្ទាប់​មកទៀត​រួមមាន Nokia 5 > Nokia 3 > Nokia 8 > Nokia 7 > Nokia 2 > Nokia 1 > Nokia 6.1 > Nokia 7 Plus > Nokia 8 Sirocco > Nokia 2.1 > Nokia 3.1 > Nokia 5.1 > Nokia 5.1 Plus  > Nokia 6.1 Plus  > Nokia 7.1 > Nokia 3.1 Plus និង​ម៉ូ​ឌែ​ល​ចុងក្រោយ​គេ Nokia 8.1 ជាដើម។

ក្នុងនោះ ទូរស័ព្ទ Nokia 6 ត្រូវបានគេចាត់ទុកថា ជា​ទូរស័ព្ទ​បើកមុខ​នាំ​លាភ ដោយ​វាទ​ទួលបាន​ជោគជ័យ​ខ្លាំង​មែនទែន​រហូត​បន្ត​ចេញ​ត្រកូល NOKIA 6.1 ក៏​នៅតែ​ខ្លាំង ហើយ​បានក្លាយ​ទូរស័ព្ទ​លក់ដាច់​បំផុត​លើ​ទីផ្សារ​សកល។

សរុប​ជារួម​ចំនួន​ការលក់ ៧០ លាន​គ្រឿង​នេះ របស់ HMD ជាការ​បញ្ជាក់​ពី​ភាពជោគជ័យ​ថ្មី​មួយ​ក្នុងនាម​ជា​ក្រុមហ៊ុន​គ្រប់គ្រង​លើ​ម៉ាក​ទូរស័ព្ទ Nokia បន្ទាប់ពី​ស្ទើរ​បាត់​មុខ​ពី​ទីផ្សារ​ក្រោម​ការដឹកនាំ​របស់ Microsoft។ ជាមួយគ្នានេះ HMD Global បាន​ឲ្យ​ដឹង​ទៀតថា នៅ​ឆ្នាំ ២០១៩ ខាង​មុន ខ្លួន​នឹងធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល និង​រំភើប​ជាមួយ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ ដែលមាន​វា​សមត្ថ​ភាពខ្លាំង លើ​រូបរាង​គួរ​ឲ្យ​ទាក់ទាញ៕

ប្រភព៖ PhoneArena.com