
ដូចអ្វីដែល ដែលព័ត៌មានចុះផ្សាយ ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនយក្សកូរ៉េ Samsung ពិតជាដណ្ដើមបានមុនក្នុងការបញ្ចេញស្មាតហ្វូនបំពាក់អេក្រង់ Infinity-O ក្រុមហ៊ុន Huawei មែន។ Samsung ហៅការរចនាបថនេះថា Infinity-O ហើយនេះហាក់ជាការប្រជែងពេលវេលាជាមួយ Huawei ដែលត្រៀមបញ្ចេញ Honor view 20 ដែលត្រៀមក្លាយជាក្រុមហ៊ុនបន្ទាប់នឹងមានស្មាតហ្វូនអេក្រង់ដាំកាមេរ៉ាពីក្នុងស្ថិតនៅទីតាំងប្រឡោះមូល។
Galaxy A8s បំពាក់ដោយបន្ទះឈីប Snapdragon 710 អមដោយ RAM 6GB ហើយក៏មានជម្រើស RAM 8GB ផងដែរ រីឯអង្គចងចាំរបស់វាមានទំហំ 128GB ហើយអាចបន្ថែម microSD បានដល់ 512GB។ ប្រឡោះមូលដែលកាមេរ៉ាស្ថិតនៅ មានទំហំ ៦,៧មិល្លីម៉ែត្រ ដាំនៅជ្រុងខាងឆ្វេង ផ្នែកខាងលើ។ កម្រិតបង្ហាញរូបរបស់ A8s មាន 1080x2340px ជាមួយសមាមាត្រ 19.5:9។ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនកូរ៉េនេះ មានរចនាបថស្លីម គែមអេក្រង់ស្ដើង យ៉ាងណា Samsung មិនបានបញ្ជាក់ថាតើជាប្រភេទ Super AMOLED នោះឡើយ ដូចនេះអាចសន្មត់បានថា ទំនងជាអេក្រង់ LCD IPS ធម្មតា។ វាហាក់ដូចជាពាក្យចចាមអារ៉ាមដំបូអំពី BOE ផលិតប្រភេទអេក្រង់ LCD នេះអាចជាការពិត។
នៅខាងក្រោយនៃ Galaxy A8s នេះ បានបំពាក់កាមេរ៉ា៣គ្រាប់ ជាមួយទំហំ 24MP (ជាកាមេរ៉ាគោល) ដែលមានកម្រិត f/1.7 aperture និងកាមេរ៉ាទី២ 10MP ជា telephoto lens ជាមួយ f/2.4 និងទី៣ ជាប្រភេទ depth sensing ទំហំ 5MP ជាមួយ f/2.2 aperture។ កម្លាំងថ្ម 3400mAh ជាមួយមុខងារសាកថ្មលឿនតាមរន្ធ USB-C និងរត់ដោយប្រព័ន្ធ Android 8.1 Oreo ចេញពីប្រអប់ជាមួយផ្ទៃសូហ្វ៊ែររបស់ Samsung។
Galaxy A8s មានជម្រើសពណ៌ដូចជា ពណ៌ខៀវ ប្រផេះ និងបៃតង ដែលទាំងបីកូល័រនេះ សុទ្ធតែជាប្រភេទពណ៌ច្របាច់គ្នា gradient colors។ វានឹងត្រូវក្រុមហ៊ុន Samsung បើកឱ្យកុម្ម៉ង់ពីថ្ងៃទី២១ ធ្នូ សម្រាប់ទីផ្សារប្រទេសចិន ដោយតម្លៃមិនត្រូវបានបញ្ចេញឲ្យដឹងនៅឡើយទេ៕