តុលាការ ចិនហាមឃាត់ការលក់ទូរស័ព្ទ iPhone តាមការផ្ដឹងរបស់ Qualcomm ក្រោយកូនស្រី ស្ថាបនិកក្រុមហ៊ុន Huawei ត្រូវចាប់ខ្លួននៅកាណាដា

តុលាការ​ចិន​មួយ​បានចេញ​សេចក្ដី​បង្គាប់​បឋម ដែល​នឹង​ហាមឃាត់​ការលក់​ទូរស័ព្ទដៃ iPhone ស៊េរី​មុនៗ​របស់​ក្រុមហ៊ុន Apple នៅក្នុង​ប្រទេស​ចិន តប​តាម​ពាក្យ​បណ្ដឹង​​របស់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​អាមេរិក Qualcomm។

ការសម្រេចចិត្ត​នេះ​ត្រូវបាន​គេ​មើលឃើញថា ជាឆ្លើយ​តប​មួយ​បន្ទាប់​ពី​មាន​បញ្ហាជម្លោះពាណិជ្ជកម្ម​រហូត​មានឈានដល់ការចាប់ខ្លួនប្រធាន​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei លោក Meng Wanzhou ដែលជា​កូនស្រី​អាយុ ៤៦ ឆ្នាំ​របស់​ស្ថាបនិក​ក្រុមហ៊ុន​នេះ​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​កាណាដា។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Russian Today នៅ​រសៀល​ថ្ងៃ​អង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១។

ចំពោះការផ្អាកនេះ Qualcomm និង​ Apple មាន​ជម្លោះ​នឹង​គ្នា​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ជុំវិញ​កម្មសិទ្ធិបញ្ញា។ ដោយឡែក នៅក្នុង​សេចក្ដី​បង្គាប់​របស់​តុលាការ​ចិន ក្រុមហ៊ុន Qualcomm បាន​អះអាងថា ក្រុមហ៊ុន Apple បាន​រំលោភ​ប័ណ្ណ​ប៉ាតង់​កម្មសិទ្ធិបញ្ញា ផ្នែក​បច្ចេកវិទ្យា​ចំនួន​ពីរ​របស់ខ្លួន ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ទូរស័ព្ទ ដូចជា Phone 6S, iPhone 6S Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus និង iPhone X។

ម្យ៉ាងវិញទៀត បើសិនជា​សេចក្ដី​បង្គាប់​ខាងលើ​ត្រូវបាន​អនុវត្ត​មែន នោះ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ទាំងនេះ​នឹងត្រូវ​ហាមឃាត់​ក្នុង​ការលក់​នៅក្នុង​ប្រទេស​ចិន ជាទី​ដែល​ក្រុមហ៊ុន​ម៉ាក​សញ្ញា​ផ្លែ​ប៉ោម​មួយ​នេះ គ្រប់គ្រង​ទីផ្សារ​ជិត ២៥ភាគរយ បើ​គិតពី​តួលេខ​កាលពី​ចុងឆ្នាំ២០១៨។ តែ​ទោះជា​យ៉ាងនេះ​ក្ដី ក្រុមហ៊ុន Apple បាន​ច្រានចោល​ការអះអាង​របស់ Qualcomm ដោយ​បញ្ជាក់ថា ទូរស័ព្ទដៃ​របស់ខ្លួន​នៅតែមាន​វត្តមាន​ក្នុង​ទីផ្សារ​របស់​ចិន ហើយ​ថា​សេចក្ដី​បង្គាប់​មាន​ជាប់​ពាក់ព័ន្ធ​តែ​ទូរស័ព្ទ iOS ស៊េរីចាស់ៗតែប៉ុណ្ណោះ៕