Huawei, Oppo, Vivo និង Xiaomi រួមដៃគ្នាបង្កើតសេវាកម្មផ្ទាល់ខ្លួនដើម្បីលុបបំបាត់ Google Playstore ចោល

ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនលំដាប់កំពូលរបស់ប្រទេសចិនកំពុងចូលរួមបង្កើតវេទិកា ឬ platform មួយដែលអាចឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីសម្រាប់ទូរស័ព្ទនៅជុំវិញពិភពលោកអាចបញ្ចូលកម្មវិធីចូលក្នុងហាងកម្មវិធីរបស់ពួកគេក្នុងពេលដំណាលគ្នា។ សម្ព័ន្ធភាពរវាងក្រុមហ៊ុន Huawei, Oppo, Vivo និង Xiaomi អាចរារាំងឥទ្ធិពលរបស់ Google PlayStore ទូទាំងពិភពលោកលើទូរស័ព្ទ Android។

វេទិកាថ្មីនេះមានឈ្មោះថាសម្ព័ន្ធសេវាកម្មអ្នកអភិវឌ្ឍកម្មវិធីទូរស័ព្ទពិភពលោក (GDSA) គ្រោងនឹងចាប់ផ្តើមនៅខែមីនាខាងមុខនេះ ហើយនឹងគ្របដណ្តប់លើតំបន់ចំនួន 9 រួមមានឥណ្ឌា ឥណ្ឌូនេស៊ី រុស្ស៊ី អេស្ប៉ាញ ថៃ ហ្វីលីពីន និងវៀតណាម។

យោងតាមប្រភពមួយដែលបានទម្លាយប្រាប់ដល់សារព័ត៌មាន Reuters ថា ជំហានថ្មីដែលចាប់ផ្ដើមដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនទាំងនេះគឺទំនងជាពួកគេចង់ជួយដល់ក្រុមអ្នកអភិវឌ្ឌកម្មវិធីហ្គេម ចម្រៀង ភាពយន្ដ និងកម្មវិធីផ្សេងៗទៀតនៅក្នុងទីផ្សារកម្មវិធីរបស់ពួកគេនៅក្នុងទីផ្សារបរទេស។

មួយវិញទៀត ក្រុមហ៊ុន Xiaomi ក៏បាននិយាយផងដែរថា ការផ្លាស់ប្ដូរនេះគឺដើម្បីជួយសម្រួលដល់ដំណើរការសម្រាប់ក្រុមអ្នកអភិវឌ្ឍនៅជុំវិញពិភពលោក ហើយពួកគេមិនមានចេតនាណាមួយក្នុងការប្រកួតប្រជែងនឹង Google PlayStore នោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ សម្ព័ន្ធភាពដ៏ធំរវាងក្រុមហ៊ុនទូរស័ព្ទយក្សទាំងនេះ គឺជាជំហានដ៏ធំមួយឆ្ពោះទៅរកភាពឯករាជ្យពី Google PlayStore និងសេវាកម្មរបស់គេ។

បើទោះបីជាមានការកាន់កាប់ទីផ្សារយ៉ាងខ្លាំងក៏ដោយនោះ ក៏ក្រុមហ៊ុនទូរស័ព្ទធំៗទាំងនេះហាក់បីដូចជាមិនអាចឱ្យអតិថិជនប្រើទូរស័ព្ទរបស់ខ្លួនចូលទៅប្រើហាងកម្មវិធីផ្លូវការរបស់ពួកគេដោយសារតែមានកង្វះខាតទៅលើកម្មវិធីដែលផ្ដល់ដោយភាគីទី 3 យ៉ាងច្រើន ហើយសម្ព័ន្ធ GDSA នេះអាចនឹងជួយពួកគេក្នុងការដោះស្រាយបញ្ហាដ៏ធំនេះបាន។

ខណៈពេលដែលគ្មានការលើកឡើងអំពីជម្រើសរបស់ Google PlayStore ដែលអនុញ្ញាតឱ្យអ្នកអភិវឌ្ឍកម្មវិធីអាចភ្ជាប់កម្មវិធីដែលនឹងបង្ហាញឡើងក្នុងពេលដំណាលគ្នានៅលើហាងកម្មវិធីទាំងបួននឹងចង្អុលបង្ហាញទិសដៅរួមគ្នា។

បន្ថែមពីនេះទៀត ក្រុមហ៊ុន Huawei ទំនងជានឹងទទួលបានអត្ថប្រយោជន៍ធំបំផុតពីគម្រោងនេះចាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះកំពុងធ្វើការនៅលើ HarmonyOS ដែលជាប្រព័ន្ធប្រតិបត្តិការសម្រាប់ជំនួស Android OS នាពេលអនាគត។ ប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Huawei បាននិយាយថា ខ្លួននឹងមិនពឹងផ្អែកលើសេវាកម្មរបស់ Google ទេទោះបីជាក្រុមហ៊ុននៅទទួលបានអាជ្ញាបណ្ណរបស់ Google ក៏ដោយ។ នេះប្រហែលជាតម្រុយបង្ហាញថាក្រុមហ៊ុន Huawei ប្រហែលជាបោះបង់ចោលរាល់ទំនាក់ទំនងជាមួយ Google មិនយូរ ឬឆាប់ៗនេះហើយ៕

ប្រភព៖ FOSSBYTES