Xiaomi Mi 11 នឹងក្លាយជាស្មាតហ្វូនដំបូងគេដែលប្រើបន្ទះឈីប Snapdragon 888 ស៊េរីថ្មីរបស់ Qualcomm

បរទេស៖ បើតាមអ្វីដែលព័ត៌មានជាច្រើនបានចុះផ្សាយ នៅថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2020 ខាងមុខនេះ ស្មាតហ្វូនដំបូងគេដែលត្រៀមនឹងបំពាក់នូវបន្ទះឈីបស៊េរីថ្មី Snapdragon 888 ដំបូងគេរបស់ Qualcomm នឹងត្រូវបង្ហាញខ្លួន។ នេះបើយោងទៅតាមការសរសេរបញ្ជាក់នៅលើរូបភាព Poster ដែលបង្ហោះដោយគណនីបណ្តាញសង្គម Weibo ផ្លូវការបស់ Xiaomi ផ្ទាល់។

ដំណឹង​លេច​ឮ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ Mi 11 នឹង​បន្ត​ប្រើ​ប្រាស់​រចនាបថ​អេក្រង់​រាង​កោង​​គ្រប់​ជ្រុង ​ហើយ​វា​នឹង​មាន​ការ​ឌីហ្សាញ​ចោះ​រន្ធ​កាមេរ៉ា​លើ​អេក្រង់​ដូច​ជា​ត្រកូល Mi 10 ដែរ។ អេក្រង់​របស់​ Mi 11 នឹង​ជា​ប្រភេទ AMOLED អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 2K និង​មាន Refresh Rate 120Hz ទៀត​ផង។ ក្រៅ​ពី​ប្រើ​ប្រាស់​ឈីប Snapdragon 888 ហើយ​នោះ Mi 11 ក៏​រំពឹង​ថា​មាន​បំពាក់ RAM ទំហំ 12GB និង​គាំទ្រ​ការ​សាក​ថ្ម​ល្បឿន 55W ប៉ុន្តែ​ស៊េរី​ខ្ពស់​ជាង​គេ​អាច​នឹង​គាំទ្រ​ការ​សាក​ថ្ម​ដល់ 120W ឯណោះ៕​