សាមសុង បិទបញ្ចប់វគ្គបណ្តុះបណ្តាល Samsung Tech Institute សម្រាប់ឆ្នាំ 2020 នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស!

(ភ្នំពេញ) ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ ៖ វគ្គ​បណ្តុះបណ្តាល Samsung Tech Institute ជំនា​ន់ទី2 ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន សាម​សុង និង​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី 05 ខែកញ្ញា ឆ្នាំ 2020 និង​មាន​រយៈពេល 9 សប្តាហ៍ លើ​មុខជំនាញ៖ ជួសជុល​បរិក្ខារ​អេ​ឡិច​ត្រូ​និ​ច (CE) និង​ស្មា​ត​ហ្វូ​ន (IM) នៅពេលនេះ​បាន​ចប់សព្វគ្រប់​ដោយ​ជោគជ័យ​ជា​ស្ថាពរ​ហើយ!

សូមបញ្ជាក់ថា​កម្មវិធី​បណ្តុះបណ្តាល Samsung Tech Institute ដែល​បាន​បង្កើតឡើង​មកនេះ​គឺមាន​សិក្ខាកាម​ចូលរួម​ចំនួន 50 រូប ហើយ​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​អភិវឌ្ឍន៍ សមត្ថភាព ចំណេះ ជំនាញ និង​ទេ​ព្យ​កោសល្យ ដល់​សិក្ខាកាម​ជំនាន់​ក្រោយ​ជាពិសេស​ផ្តល់ឱកាស​ការងារ​ឱ្យមាន​ភាព​កាន់តែ​ទូលំទូលាយ​ដល់​សិស្ស​និស្សិត​កម្ពុជា​ទាំងមូល​ផងដែរ។

លោក សឹង​ហូរ ឆ​យ (Mr. Seungho Choi) អគ្គនាយក​សាខា ក្រុមហ៊ុន​ថៃ សាម​សុង អេ​ឡិច​ត្រូ​និ​ច ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “វគ្គ​បណ្តុះបណ្តាល Samsung Tech Institute គឺ​ពិតជា​ដើរតួ​យ៉ាង​សំខាន់បំផុត​ក្នុងការ​បង្កើត​ធនធានមនុស្ស​ផ្នែក​អេ​ឡិច​ត្រូ​និ​ច​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ផ្តល់នូវ​ចំណេះដឹង​ច្បាស់លាស់​អម​ជាមួយ​ទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់​ជាមួយនឹង​ផលិតផល​អេ​ឡិច​ត្រូ​និ​ចទំនើបថ្មីៗរបស់​ក្រុមហ៊ុន សាម​សុង ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់ និង​គាំទ្រ​ជុំវិញ​ពិភពលោក” ។

លោក​បាន​បន្ថែមទៀតថា “សាម​សុង តែងតែ​ផ្តល់​តម្លៃ​ខ្ពស់បំផុត​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​សង្គម សហគមន៍ និង​ពិភពលោក​ទាំងមូល​ឱ្យមាន​ភាព​កាន់តែ​ងាយស្រួល និង​ប្រសើរឡើង។ អ្វីដែល​យើង​ចង់បាន​បំផុត​នោះ​គឺ​សូមឱ្យ​សិក្ខាកាម​ដែល​បានបញ្ចប់​ការសិក្សា​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ទាំងអស់​នឹង​អាច​ប្រើប្រាស់​ជំនាញ ចំណេះដឹង​របស់ខ្លួន​ដើម្បី​ស្វែងរក​ការងារ​ល្អ ជាមួយ​ប្រាក់ខែ​ខ្ពស់ ដើម្បី​ផ្គត់ផ្គង់​ក្រុមគ្រួសារ និង​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ទាំងមូល​ផងដែរ។

ឆ្លៀត​ក្នុងឱកាស​បិទ​វគ្គ​បណ្តុះបណ្តាល​នោះ លោក​ឯកឧត្តម​បណ្ឌិត យ៉ោ​ក សុ​ទ្ធី នាយក​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស ក៏បាន​ធ្វើការ​កោតសរសើ​រ និង​រីករាយ​ក្រៃលែង​ចំពោះ​ការយកចិត្តទុកដាក់ និង​ការលះបង់​ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​របស់​ក្រុមហ៊ុន សាម​សុង ក្នុងការ​ចូលរួម​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា ក៏ដូចជា​វិស័យ​ធនធានមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា។

ប្អូនប្រុស ដួង ពៅ​រ៉ា​ដា ជា​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​ទាំងអស់​ដែល​បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល Samsung Tech Institute នេះ​បានឱ្យដឹងថា “វគ្គ​សិក្សា​ផ្នែក​បច្ចេកវិទ្យា និង​អេ​ឡិច​ត្រូ​និ​ច​ជាមួយនឹង​បរិក្ខារទំនើបៗផ្ទាល់​ដែល​ក្រុមហ៊ុន សាម​សុង ផ្តល់ជូន​បែបនេះ​គឺ​ពិតជា​មានតម្លៃ​ណាស់ ដូច្នេះ​ខ្ញុំ​ត្រូវតែ​ចាប់យក​ឱកាស​នេះ​ឱ្យ​ជាប់​ដើម្បី​ឈោង​ចាប់យក​ការងារ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ផ្នែក​បច្ចេកវិទ្យា និង​គ្រឿង​បរិក្ខារ​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ថ្ងៃ​អនាគត​ឱ្យបាន។

សូមបញ្ជាក់ថា ក្រុមហ៊ុន សាម​សុង ក៏បានផ្តល់​ឱកាស​ការ​ងារ​ដល់​សិក្ខាកាម​ឆ្នើម និង​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ចំនួន 04 រូប ផងដែរ​ដើម្បី​ចុះ​ហាត់​ការ​ដោយផ្ទាល់​នៅ​ក្រុមហ៊ុន សាម​សុង ដោយ​ទទួលបាន​អត្ថប្រយោជន៍ និង​ប្រាក់​បៀរ​វត្ស​បន្ថែម​ផងដែរ។

លោក តេង សុភាព ដែលជា​សាស្ត្រាចារ្យ​ម្នាក់​ក្នុងចំណោម​សាស្ត្រាចារ្យ​នៃ​វគ្គ​បណ្តុះបណ្តាល Samsung Tech Institute បាន​សម្តែង​អារម្មណ៍​ផ្ទាល់ខ្លួន​ថា “ខ្ញុំ​សូម​អរគុណ និង​សរសើរ​ដល់​ការជួយឧបត្ថម្ភ និង​ការលះបង់​ដោយ​ឥត​នឿយហត់​របស់​ក្រុមហ៊ុន សាម​សុង! ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ខិតខំ​ប្រឹងប្រែង​បង្ហាត់បង្ហាញ បង្រៀន និង​ណែនាំ​ឱ្យ​អស់ពី​សមត្ថភាព​ផងដែរ​ដើម្បី​ធ្វើឱ្យ​សិក្ខាកាម​ទាំងអស់​ទទួលបាន​ចំណេះ ជំនាញ និង​បទពិសោធន៍​ច្បាស់លាស់​ពោរពេញ​ដោយ​ទំនុកចិត្ត និង​មាន​ការងារ​ធ្វើ​ជាមួយនឹង​ប្រាក់ខែ​ខ្ពស់។

ក្រុមហ៊ុន សាម​សុង កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និង​គណៈ​គ្រប់គ្រង​ទាំងអស់ នៃ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) ដែល​បានធ្វើឱ្យ​វគ្គ​សិក្សា​នេះ ចេញ​ជា​ផ្លែផ្កា និង​បញ្ចប់​ដោយ​ជោគជ័យ។ ជា​ចុងក្រោយ សាម​សុង កម្ពុជា សូមឱ្យ​សិក្ខាកាម​ទាំងអស់​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ​ដោយ លាងដៃ​ញឹកញាប់ ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ និង​អនុវត្តតាម​គោលការណ៍​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​ដើម្បី​ទប់ស្កាត់​ប្រឆាំងនឹង​ការរីក​រាលដាល​ជំ​ងី Covid-19 ទាំងអស់គ្នា​ផងដែរ!