
ជម្លោះរវាង Facebook និង Apple ដើរដល់ចំណុចក្ដៅ ក្រោយពេល Apple បិទមិនឲ្យ Facebook ធ្វើការប្រមូលទិន្នន័យអ្នកប្រើចាប់ពី iOS 14 លុះត្រាតែមានការអនុញ្ញាត ហើយកាលពីថ្ងៃទី ២២ ផេកហ្វេសប៊ុកផ្លូវការរបស់ Apple ត្រូវបានក្រុមហ៊ុន Facebook ធ្វើការដក់នូវ Blue Tick បាត់ទាំងយប់។
គូប្រជែងធំ ៗ របស់ Apple ដូចជា Microsoft, Hewlett Packard, និង Samsung សុទ្ធតែត្រូវបាន Facebook ផ្តល់ឲ្យ។ ចំពោះរឿងដក់ Blue Tick មិនត្រូវបាន Facebook និយាយអ្វីទាំង។ យ៉ាងណាមិញ Instagram ផ្លូវការរបស់ Apple នៅតែទទួលបាន Blue Tick ដដែលទេ ខណៈវាជារបស់តែមួយរបស់ Facebook។
សូមបញ្ជាក់ដែរថា៖ ចាប់ពីដើមឆ្នាំក្រោយ Apple តម្រូវឲ្យកម្មវិធីទាំងអស់ត្រូវសុំការអនុញ្ញាតពីអ្នកប្រើប្រាស់ក្នុងការប្រមូលយកចំណង់ចំណូលចិត្តអំពីការផ្សាយពាណិជ្ជកម្មរបស់អ្នកប្រើប្រាស់ ដែលទិន្នន័យនេះនឹងត្រូវប្រើដើម្បីការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនពាណិជ្ជកម្មចេញទៅចំគោលដៅ។ យ៉ាងណាមិញ Facebook បានឆ្លើយតប់ ដោយមិនយល់ស្របនឹងគោលការណ៍ថ្មីរបស់ Apple នោះទេ។
Facebook បានបន្តរៀបរាប់ថាគោលការណ៍របស់ Apple គឺគិតតែពីប្រាក់ចំណេញ មិនមែនឯកជនភាពនោះទេ។ Facebook អះអាងថាអាជីវកម្មតូចៗនឹងត្រូវបង្ខំចិត្តប្រើប្រាស់ការបង់លុយប្រើប្រាស់សេវាកម្ម និងការលក់របស់របរបន្ថែមក្នុងកម្មវិធីដើម្បីរកប្រាក់ចំណូល ដែលចុងក្រោយ Apple គឺជាអ្នកចំណេញ។
ជាការឆ្លើយតបនឹង Facebook ខាង Apple បានធ្វើការពន្យល់ថា Facebook អាចប្រាប់អ្នកប្រើប្រាស់អំពីមូលហេតុនៃការសុំប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់បាន និងបានបន្ថែមថាគោលការណ៍ថ្មីលើ iOS 14 មិនបានតម្រូវឲ្យ Facebook ប្ដូរវិធីសាស្ត្រប្រមូលយកទិន្នន័យពីអ្នកប្រើប្រាស់នោះទេ គឺគ្រាន់តែតម្រូវឲ្យ Facebook ផ្ដល់ជូនជម្រើសដល់អ្នកប្រើ៕