ចៀសបានគួរចៀស! ប្រសិនបើអ្នកមិនចង់ខកខ្លួនជាមួយ iPhone 12 Series អាមេរិកលេខកូដ (LL/A)

កាលពីថ្ងៃបើកសម្ពោធទូរស័ព្ទ iPhone 12 Series ក្រុមហ៊ុន Apple បានប្រកាសថាស្មាតហ្វូនរបស់ខ្លួនបានបំពាក់នូវបច្ចេកវិទ្យា 5G ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការ Download និង Upload បានលឿនបំផុត ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ចាក់ទេថា ខ្លួនបែងចែកវាជាពីប្រភេទខុសគ្នាសម្រាប់ទីផ្សារអាមេរិក និងទីផ្សារសកល។

សម្រាប់បច្ចេកវិទ្យា 5G ដែលមានលើ iPhone 12 Series ត្រូវបាន Apple បែងចែកជា 2 គឹ mmWave antenna 5G និង Sub-6GHz។ ទាក់ទងទៅនឹងបច្ចេកវិទ្យា 5G ទាំង 2 នេះដែរ ប្រិយមានមិត្តមួយចំនួនប្រហែលជាឆ្ងល់ហើយថាអ្វីទៅជា mmWave? ហើយអ្វីទៅជា Sub-6GHz?

បើនិយាយឲ្យងាយស្រួលយល់នោះ mmWave គឺជាបច្ចេកវិទ្យា 5G ដែលមានល្បឿនលឿនជាងគេបំផុតក្នុងពេលបច្ចុប្បន្ននេះ ដោយវាមានល្បឿនទាញយករហូតដល់ទៅជាង 1GB ក្នុង 1 វិនាទី និងត្រូវបានដាក់លក់សម្រាប់ទីផ្សារអាមេរិកតែប៉ុណ្ណោះ។ ករណីអ្នកប្រើប្រាស់យកចេញទៅប្រើនៅក្រៅប្រទេសអាចនឹងមានបញ្ហាសេវា ឬទូរស័ព្ទស្គាល់ត្រឹមសេវា 3G ឬ 4G ប៉ុណ្ណោះ។

ត្បិតតែវាអាចមានល្បឿន 5G លឿន ប៉ុន្តែវាអាចចាប់សេវាបានក្នុងរយៈចម្ងាយខ្លី ដូច្នេះមានន័យថា វាល្អសម្រាប់តែអ្នកដែលនៅរស់នៅទីប្រជុំជន និងនៅក្បែរបង្គោលផ្តល់សេវាតែប៉ុណ្ណោះ។ ខណៈដែល sub-6GHz គឺជាបច្ចេកវិទ្យា 5G ដែលមានល្បឿនស្ថិតនៅចន្លោះរវាង 4G និង 5G វាអាចដំណើរការបានល្អ និងមានសមត្ថភាពអាចចាប់សេវាបានក្នុងរយៈចម្ងាយឆ្ងាយ ដែលល្អសម្រាប់អ្នករស់នៅតាមជាយក្រុង ឬជនបទ ហើយជាទូរស័ព្ទដែលក្រុមហ៊ុន Apple កំណត់សម្រាប់ដាក់លក់ទៅទីផ្សារផ្សេងក្រៅពីទឹកដីខ្លួន។

ដើម្បីដឹងថា iPhone 12 Series ម៉ូឌែលណាមួយដែលអាចគាំទ្រ mmWave បាន? គួរបញ្ជាក់ផងថា mmWave មានតែនៅលើ iPhone 12 Series ដែលត្រូវដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ដោយពួកវាមានកន្ទុយម៉ូឌែល (LL)។ ក្រៅពីអាចឆែកមើលតាមរយៈ Settings របស់ iPhone 12 Series ហើយ យើងក៏អាចមើលដឹងថា iPhone 12 Series ម៉ូឌែលណាមួយដែលអាច Support mmWave បាន តាមរយៈការសម្គាល់មើលស្នាមបំណះខ្សែអង់តែន mmWave ដែលស្ថិតនៅក្រោមប៊ូតុង Power នៃផ្នែកខាងឆ្វេងរបស់ iPhone 12 Series ផងដែរ។ ដូច្នេះមានន័យថា បើសិនជាយើងមិនឃើញស្នាមបំណះខ្សែអង់តែន mmWave នោះទេ មានន័យថា iPhone 12 Series នោះមិនមែនសម្រាប់ដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិកនោះទេ ហើយពួកវាក៏មិនអាច Support mmWave បានផងដែរ។ ”

យ៉ាងណាមិញ សម្រាប់អ្នកប្រើប្រាស់នៅខ្មែរ បើអាចចៀសបានគួរកុំទិញទូរស័ព្ទ iPhone 12 Series ដែលបំពាក់បច្ចេកវិទ្យា mmWave antenna 5G អី ព្រោះថាសម្រាប់ទីផ្សារស្រុកយើងទូរស័ព្ទម៉ូដែលនេះ អាចនឹងខ្សោយសេវា ឬមិនស្គាល់អ៊ីនធើណែតល្បឿនឲ្យសមនឹងសមត្ថភាពរបស់វានោះទេ។