រថយន្តអគ្គិសនីតូចច្រឡឹងរបស់ TOYOTA ចេញលក់តម្លៃថោកបំផុត

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសចេញនូវរថយន្ត អគ្គិសនីថ្មី ម៉ូដែល C+pod ស៊េរីឆ្នាំ២០២១ ដែលនឹងចេញលក់លើទីផ្សារអន្តរជាតិនៅឆ្នាំ២០២២។

រថយន្តនេះធ្លាប់បានបង្ហាញខ្លួនជាគំរូរថយន្ត Ultra Compact BEV Concept វាបានបំពាក់ម៉ូទ័រអគ្គិសនីតូចមួយនៅខាងក្រោយ ដែលផ្តល់ថាមពលឲ្យកង់ក្រោយ និងបង្កើតកម្លាំងបានសរុប ១២,៣សេះ ដែលអនុញ្ញាតឲ្យវាអាចរត់ដល់ល្បឿនអតិបរមា ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

ប្រភពបានឲ្យដឹងថា រថយន្តអគ្គិសនី Toyota C+pod ស៊េរីឆ្នាំ២០២១ នេះ ក៏មានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៩,០៦គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបរបានចម្ងាយ ១៥០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ដែលចំណាយពេលប្រហែល ៥ម៉ោង បើសាកកម្លាំង ២០០វ៉ុល ឬ ១៦ម៉ោង បើសាកកម្លាំង ១០០វ៉ុល។

សម្រាប់តួខ្លួនរបស់វា ត្រូវបានផលិតឡើងដោយផ្លាស្ទិច ដើម្បីកាត់បន្ថយទម្ងន់ ខណៈរថយន្តអគ្គិសនីដ៏តូច មានប្រវែងតួខ្លួនសរុប ២ ៤៩០មីល្លីម៉ែត្រ, ទទឹង ១ ២៩០មីល្លីម៉ែត្រ និង កម្ពស់ ១ ៥៥០មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ១ ៧៨០មីល្លីម៉ែត្រ។
សូមបញ្ជាក់ថា រថយន្ត Toyota C+pod បានចេញលក់រួចហើយនៅប្រទេសជប៉ុន​ ជាមួយនឹងតម្លៃចាប់ពី ១៥ ៩០០ដុល្លារ សម្រាប់ម៉ូដែល X និង ១៦ ៥០០ដុល្លារ សម្រាប់ម៉ូដែល G៕

ប្រភព៖​ carscoops