
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយ និងលក់រថយន្ត FORD ប្រចាំប្រទេសកម្ពុជា បានធ្វើការរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life” ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ2018 នៅក្នុងប្រលានយន្តហោះខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់។
កម្ពុជាជាប្រទេសទី 40 ដែលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life” ដែលក្នុងនោះមានអ្នកបើកបរដែលមានប័ណ្ណបើកបរចូលរួមជាង ២០០នាក់ រួមមានមន្ត្រីរាជការ អ្នកបើកបររថយន្តដឹកទំនិញធំៗ
ពីស្ថាប័នរដ្ឋ និងឯកជន រួមទាំងអតិថិជនFord បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល ២ ថ្ងៃនេះដោយឥតគិតថ្លៃ។
គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងគឺដើម្បី៖ ១.បង្រៀនអ្នកដែលទើបនឹងទទួលបានប័ណ្ណបើកបរឲ្យយល់ច្បាស់អំពីជំនាញចាំបាច់ក្នុងការបើកបរ ២.បង្រៀនអ្នកបើកបរអំពីបច្ចេកទេសនៃការថែទាំយានយន្ត ៣.ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការផ្ដល់ចំនេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងការអនុវត្តការបើកបរជាក់ស្ដែង។
នៅក្នុងនោះផងដែរ ក្រុមហ៊ុន Ford និងក្រុម RMA Cambodia ព្រមទាំង RMA Group ទាំងមូលក៏បានអញ្ជើញអ្នកជំនាញពី សាលាបណ្ដុះបណ្ដាលបច្ចេកទេសរបស់ RMA (RMA Academy) មកធ្វើបទបង្ហាញ និងអនុវត្តន៍ផ្ទាល់សម្រាប់អ្នកចូលរួមសិក្ខាសាលានេះ។
លោក Truong Kim Phong នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “សុវត្ថិភាពនៅពេលចរាចរណ៍លើដងផ្លូវគឺជាបញ្ហាដ៏សំខាន់មួយ ហើយវាក៏ជាបញ្ហាមួយដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់យើងផងដែរ។ សុវត្ថិភាពនៅលើផ្លូវគឺជាផ្នែកមួយនៃសកម្មភាពសង្គមដែលយើងគួរតែមាន ហើយពួកយើងក៏មានមោទនភាពក្នុងការបើកវគ្គបណ្តុះបណ្តាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life ផងដែរ ដើម្បីជួយបង្កើនការយល់ដឹងអំពីការអនុវត្តនិងបច្ចេកទេសនៃការបើកបរប្រកបដោយសុវត្ថិភាពនិងជួយធ្វើឱ្យការបើកបរលើដងផ្លូវកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា” កម្មវិធីនេះត្រូវបានធ្វើឡើងដោយមានវគ្គបណ្តុះបណ្តាលអំពីទ្រឹស្ដី និង ការអនុវត្តន៏ជាក់ស្ដែងជាមួយរថយន្តផងដែរ។
លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជា មានអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើងគួរឲ្យកត់សម្គាល់។ នេះដោយសារអ្នកបើកបរមួយចំនួនមិនទាន់យល់ច្បាស់អំពីច្បាប់ចរាចរណ៍ និងមិនមានជំនាញបើកបរត្រឹមត្រូវ ។ ហេតុនេះហើយ ចំនេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងច្បាប់ចរាចរណ៍គឺជាកត្តាមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា”
លោក Jim Graham នាយកកម្មវីធីបណ្តុះបណ្តាលបច្ចេកទេសនៃការបើកបររថយន្ត Ford បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយដែលបានដាក់បញ្ជូលប្រទេសកម្ពុជាទៅក្នុងបញ្ជីនៃបណ្តាប្រទេសចំនួន 40 នៅជុំវិញពិភពលោកដែលបានបើកវគ្គបណ្តុះបណ្តាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life។ កម្មវិធីនេះមានអាយុកាល 15ឆ្នាំហើយ និងបានបណ្ដុះបណ្ដាលមនុស្សជាង 1 លាននាក់ដែលទើបនឹងមានប័ណ្ណបើកបរ ដែលគម្រោងមូលនិធិនេះបានចំណាយថវិការអស់ទឹកប្រាក់ជាង 40 លានដុល្លារ ក្នុងការប្តេជ្ញាលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទូទាំងពិភពលោក”៕