ទីបំផុត ក្រុមហ៊ុន Kia បានបញ្ចប់ជីវិត Logo ចាស់របស់ខ្លួនចោលហើយ

កាលពីថ្ងៃទី ៦ ខែមករាឆ្នាំ ២០២១ ម្សិលមិញនេះ ក្រុមហ៊ុន Kia បានប្រកាសជាផ្លូវការ ដោយបង្ហាញស្លាកសញ្ញាសាជីវកម្មថ្មី ព្រមជាមួយពាក្យស្លោកថ្មីជាសកលរបស់ខ្លួន ហើយការផ្លាស់ប្ដូរនេះ បានបញ្ជាក់ពីការផ្លាស់ប្តូរដ៏មុតមាំរបស់ក្រុមហ៊ុនផលិតរថយន្ត និងចក្ខុវិស័យថ្មី។

អ្នកតំណាងក្រុមហ៊ុន Kia បានឲ្យដឹងថា ការដាក់ឡូហ្គូថ្មីនេះ គឺតំណាងឱ្យមហិច្ឆតារបស់ក្រុមហ៊ុន Kia ក្នុងការបង្កើតជំហរ ភាពជាអ្នកដឹកនាំនៅក្នុងឧស្សាហកម្ម mobility នាពេលអនាគត ហើយការផ្លាស់ប្ដូរនេះ ក៏ជាការផ្លាស់ប្តូរស្ទើរតែគ្រប់ផ្នែកទាំងអស់នៃអាជីវកម្មរបស់ខ្លួន។

ជាមួយគ្នានេះដែរ លោក ហូ​ សុងសុង ប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Kia មានប្រសាសន៍ថា “ ឡូហ្គោថ្មីរបស់ក្រុមហ៊ុន Kia តំណាងឱ្យការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការក្លាយជានិមិត្តរូបសម្រាប់ការផ្លាស់ប្តូរនិងការច្នៃប្រឌិត” ។

លោកបន្តថា ឧស្សាហកម្មរថយន្តកំពុងឆ្លងកាត់ដំណាក់កាលនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស​ ហើយក្រុមហ៊ុន Kia កំពុងធ្វើចលនា និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទាំងនេះ។ ឡូហ្គូថ្មីរបស់យើង តំណាងឱ្យបំណងប្រាថ្នារបស់យើង ក្នុងការជម្រុញអតិថិជន ខណៈពេលដែលតម្រូវរបស់ពួកគេមានការវិវត្ត ។

សូមបញ្ជាក់ថា បន្ថែមពីលើការផ្លាស់ប្ដូរ ស្លាកយីហោថ្មីនេះ Kia ក៏បានចេញនូវពាក្យស្លោកថ្មីជាសកលរបស់ខ្លួនថា «Movement that inspires» ឬ «ចលនាដែលជម្រុញ»​ ហើយព័ត៌មានលម្អិតស្តីពីយុទ្ធសាស្រ្តក្រោមពាក្យស្លោកថ្មីនេះ ក៏ដូចជាទស្សនវិស័យថ្មីៗ ក្រុមហ៊ុន Kia នឹង ធ្វើបទបង្ហាញនៅថ្ងៃទី ១៥ ខែមករា ខាងមុខនេះ ហើយអាចនឹងបង្ហាញជូនទស្សនានៅលើគណនីផ្លូវការរបស់ក្រុមហ៊ុន គឺ Kia Global ៕
ប្រភព៖ press.kia.com