រថយន្ត Nissan Kicks ស៊េរីឆ្នាំ២០២១ មានតម្លៃមិនដល់ ២ម៉ឺនដុល្លារផង លើទីផ្សារអាមេរិក

កាលពីខែធ្នូ​ កន្លងទៅ ក្រុមហ៊ុន Nissan បានប្រកាសនូវវត្តមានរថយន្ត Nissan Kicks ស៊េរីឆ្នាំ២០២១ ហើយរថយន្តនេះនឹងបង្ហាញខ្លួននៅលើទីផ្សារអាមេរិក ក្នុងខែកុម្ភៈ ខាងមុខនេះ ជាមួយតម្លៃចាប់ពី ១៩,៥០០ដុល្លារ សម្រាប់ម៉ូឌែលខ្នាតតូច ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើ នៅមិនទាន់បានបង្ហាញតម្លៃផ្លូវការសម្រាប់ប្រភេទ mid-spec និង top-spec ឡើយ ប៉ុន្តែ Kicks ស៊េរីឆ្នាំ២០២០ មានតម្លៃចាប់ពី ២០ ៧០០ដុល្លារ និង ២១ ៣២០ដុល្លារ ដូច្នេះសម្រាប់ស៊េរីឆ្នាំ២០២១ អាចនឹងថ្លៃលើសនេះ។

Nissan ធ្លាប់បាននិយាយថា រថយន្ត​ Nissan Kicks ឆ្នាំ២០២១ ទទួលបានការឌីហ្សាញថ្មីសម្រាប់ផ្នែកខាងមុខ ជាពិសេសគឺកាង និងប៉ាណាមុខ, ចង្កៀងមុខ និងអំពូលកាត់អ័ព្ទ ព្រមទាំងចង្កៀងក្រោយ និងកាងក្រោយថ្មីផងដែរ។ ហើយសម្រាប់ផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កម្សាន្ត ៨អ៊ីញ, កុងទ័រ ៧អ៊ីញ, មុខងារ Android Auto និង Apple CarPlay, រន្ធដោត USB Type-C, ប្រព័ន្ធសំឡេង Bose និងមុខងារ Intelligent Around View Monitor។

សូមបញ្ជាក់ថា Nissan Kicks បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១២២សេះ ដំណើរការដោយប្រអប់លេខអូតូ CVT និងប៉ុងមួយវិលកង់មុខ។ វាមានកម្រិតស៊ីសាំងជាមធ្យម ៦,៥លីត្រ/១០០គីឡូម៉ែត្រ៕

ប្រភព៖​ Carscoops