iQOO 7 ល្បឿនដូចរថយន្ដប្រណាំង ពិសេសសម្រាប់អ្នកចូលចិត្តលេងហ្គេមលើទូរស័ព្ទ

ថ្មីទៀតហើយ ថ្មីៗនេះ iQOO ដែលជាទូរស័ព្ទផលិតសម្រាប់អ្នកចូលចិត្តលេងហ្គេម និងជាម៉ាកយីហោមួយទៀតរបស់ vivo បានប្រកាសចេញទូរស័ព្ទថ្មីរបស់ខ្លួនមួយម៉ូដែលទៀត នាម iQOO 7។ លោកអ្នកដែលស្នេហាការលេងហ្គេមលើទូរស័ព្ទមិនគួររំលងនោះទេ ដោយសារតែបន្ទះឈីបគុណភាពខ្ពស់ ថាមពលសាកថ្មលឿន និងការអភិវឌ្ឍមុខងារហ្គេមនានាប្រសើរជាងម៉ូដែលមុនៗ។

ទូរស័ព្ទទំនើប iQOO 7 ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Origin OS ថ្មីរបស់ vivo តាមលំនាំ Android 11 ដែលជាប្រព័ន្ធប្រតិបត្តិការស្នងពី FunTouch OS របស់ vivo រួមទាំងការប្រើបច្ចេកវិទ្យាប្រព័ន្ធ 5G ផ្ដល់ជូននូវបទពិសោធន៍ថ្មីសម្រាប់លោកអ្នកប្រើប្រាស់។ បន្ថែមពីនេះទៀត អេក្រង់ទំហំ 6.62 អ៊ីង កញ្ចក់ AMOLED ផ្ដល់រូបកម្រិត FHD+ និងកម្រិតហ្វ្រេកង់ 120GHz ផ្ដល់ជូននូវរូបភាពបង្ហាញលើអេក្រង់បានយ៉ាងច្បាស់ត្រជាក់ភ្នែក។ មិនត្រឹមតែប៉ុណ្ណោះ ការចុចបញ្ជាលើអេក្រង់វិញ រិតតែធ្វើលោកអ្នករីករាយក្នុងការប្រើ ពិសេសប្រើក្នុងការបញ្ជាហ្គេមនោះតែម្ដង។

មួយវិញទៀត បន្ទះឈីប Snapdragon 888 ជាបន្ទះឈីបម៉ូដែលចុងក្រោយ ត្រូវបានបំពាក់ក្នុងទូរស័ព្ទម៉ូដែលនេះដើម្បីទប់ទល់នឹងការប្រើប្រាស់ការងារក្នុងទូរស័ព្ទធ្ងន់ៗ ជាជម្រើសល្អបំផុតសម្រាប់ការលេងហ្គេម។ រីឯអង្គចងចាំក្នុងម៉ាស៊ីនវិញមានទំហំ 128GB ឬ 256GB ផ្គួបផ្សំជាមួយនឹងបច្ចេកវិទ្យា​ Multi-Turbo 5.0 និង RAM ទំហំ 8GB ឬ 12GB ប្រភេទ LPDDR5 ជួយជម្រុញក្នុងការប្រើប្រាស់ ដំណើរការ និងការផ្ទុកទិន្នន័យៗផ្សេងបានយ៉ាងពេញចិត្ត។

iQOO 7 ក៏មានមកជាមួយនូវកាមេរ៉ាមុខទំហំ 16 មេហ្គាភិចសែល និងកាមេរ៉ាក្រោយដែលមានការរចនានៅផ្ទៃខាងក្រោយនៃទូរស័ព្ទយ៉ាងស្រស់ស្អាត ដោយកាមេរ៉ាចម្បងទំហំ 48 មេហ្គាភិចសែល មានមុខងារទប់ភាពរំញ័រ កាមេរ៉ា​ ultra-wide ទំហំ 13 មេហ្គាភិចសែល អាចថតយករូបភាពទំហំ 120 ដឺក្រេ និងកាមេរ៉ាថតរូបបែប telephoto ទំហំ 13 មេហ្គាភិចសែល ហើយមុខងារសំខាន់សម្រាប់កាមេរ៉ានេះគឺមកោជាមួយមុខងារ Super Video image stabilization និង HDR ផ្ដល់ជូននូវការថតវីដេអូប្រកបដោយភាពជឿជាក់ និងមិនព្រួយពីការញ័រដៃ ឬកន្លែងដែលរង្គើឡើយ។

ទន្ទឹមនឹងនេះផងដែរ ថាមពលថ្ម 4000mAh ត្រូវបានចែកជាពីរក្នុងថាមពល 2000mAh ដែលអនុញ្ញាតឱ្យលោកអ្នកសាកថ្មក្នុងល្បឿនថាមពល 120W យ៉ាងលឿន។ ក្នុងនោះដែរ ការសាកថ្មត្រូវបានរួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យា 120W FlashCharge ដែលធ្វើឱ្យការសាកថ្មសម្រាប់ទូរស័ព្ទ iQOO 7 សាកថ្មបានពេញក្នុងរយៈពេលត្រឹមតែ 15 នាទី ហើយខ្សែសាកថ្មវិញក៏អាចប្រើបានជាមួយនឹងក្បាលសាក 65W PD ផងដែរ។

iQOO 7 មាន 3 ពណ៌សម្រាប់ជ្រើសរើសដូចជា ខៀវខ្ចី ខ្មៅ និងពណ៌ស សម្រាប់រថយន្ដស្ព័រ BMW M-sport ដែលម៉ូដែលដែលមាន RAM ទំហំ 8GB និងអង្គចងចាំក្នុងម៉ាស៊ីន 128GB មានតម្លៃប្រហែល 586 ដុល្លារអាមេរិក និងទូរស័ព្ទម៉ូដែល RAM ទំហំ 12GB និងអង្គចងចាំក្នុងម៉ាស៊ីនទំហំ 256GB មានតម្លៃប្រហែល 648 ដុល្លារអាមេរិក។

ការបញ្ជាទិញជាមុនកំពុងត្រូវបានក្រុមហ៊ុននៅខាងប្រទេសចិនរៀបចំដាក់នៅលើគេហទំព័រផ្ទាល់របស់ក្រុមហ៊ុន ហើយនឹងរៀបចំកាលវិភាគប្រកាសចេញលក់នៅថ្ងៃសុក្រ ទី 15 ខាងមុខនេះ ខណៈព័ត៌មានលម្អិតនៃការចេញលក់លើទីផ្សារអន្តរជាតិមិនទាន់ត្រូវបានបំភ្លឺនៅឡើយទេ៕

ប្រភព៖ GSM Arena