
បរទេស៖ ក្រុមហ៊ុនទូរស័ព្ទ Oppo កំពុងតែមានសន្ទុះខ្លាំងក្នុងការអភិវឌ្ឍ និងផលិតទូរស័ព្ទទំនើបៗរបស់ខ្លួនសម្រាប់ទីផ្សារជាតិ និងទីផ្សារអន្តរជាតិ ហើយកំពុងមានអ្នកគាំទ្រទិញប្រើយ៉ាងច្រើនកុះករ។ ជាក់ស្ដែង នាពេលថ្មីៗនេះដែរ ក្រុមហ៊ុនក៏បានបង្ហោះសារអាថ៌កំបាំងនៅក្នុងទំព័រ Weibo ផ្លូវការរបស់ខ្លួនមួយ ដែលធ្វើឱ្យអ្នកគាំទ្រគិតថា នោះជាការមកដល់នៃទូរស័ព្ទម៉ូដែល Oppo Find X3 ជាមិនខានឡើយ។
ទូរស័ព្ទ Oppo Find X3 នោះអាចនឹងបង្ហាញខ្លួននៅក្នុងខែមីនា ឆ្នាំ 2021 នេះ ដែលនៅក្នុងសារនោះគេបានបង្ហោះថា “See the #ImpossibleSurface in March.”។ ទូរស័ព្ទក្នុងសារអាថ៌កំបាំងនោះអាចនឹងមានកាមេរ៉ាប្លែកពីម៉ូដែលផ្សេងៗទៀត ហើយបើតាមរយៈព័ត៌មានបែកធ្លាយខ្លះៗពីទូរស័ព្ទ Find X3 Pro វិញនោះ គេសន្និដ្ឋានថាវានឹងមានបច្ចេកវិទ្យាសាកថ្មឆាប់ពេញ ឬចំណុចពិសេសណាមួយដែលទូរស័ព្ទម៉ូដែល Find X2 Pro មិនមាន។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនប្រហែលជានៅរក្សាការសម្រេចចិត្តផលិតសម្បកទូរស័ព្ទពីក្រោយពីស្បែកម្យ៉ាងមិនមែនស្បែកសត្វ ដើម្បីចូលរួមការគាំទ្រប្រឆាំងការធ្វើទារុណកម្មលើសត្វ៕
ប្រភព៖ GSM Arena