
ក្រុមការងារ CoolStar បានប្រកាសមុននេះបន្តិចថា កំណែកម្មវិធី Electra ជំនាន់ថ្មី សម្រាប់ Jailbreak ប្រព័ន្ធប្រតិបត្តិ iOS 11.3.1 ត្រៀមនឹងដាក់ឲ្យប្រើប្រាស់នាពេលដ៏ខ្លីខាងមុខ។ បង្ហោះផ្សាយលើគេហទំព័រផ្លូវការ CoolStar សរសេរថា៖ “Electra ខិតជិតមកដល់សម្រាប់ iOS 11.3.1! បែបនេះអ្នកប្រើប្រាស់ទាំងអស់ដែលពុំបានប្រើប្រាស់ iOS 11.0-11.1.2 សូមធ្វើការ Update ទៅ iOS 11.3.1 ជាបន្ទាន់”។
ការហែកគុកនេះ ក៏មានការជាប់ទាក់ទងជាមួយបុគ្គលល្បីឈ្មោះ Ian Beer ដែលជាក្រុម White Hat Hacker កំពុងបម្រើការឲ្យ Google ស្ថិតក្នុងគម្រោង Project Zero ហើយតាមដំណឹងល្ហិចល្ហៀង រំពឹងនឹងបញ្ចេញកូដបំបែកនាអំឡុងសប្តាហ៍នេះ។
Apple នៅបន្តបើកឲ្យធ្វើការ Downgradge ឬ Restore មកកាន់ iOS 11.3.1 ថ្វីបើ iOS 11.4 បាន និងកំពុងដាក់ឲ្យប្រើប្រាស់ក៏ដោយក្តី។ សារនេះ ជាដំណឹងល្អ ដល់ម្ចាស់ iPhone/iPad មានបំណងចង់ Jailbreak ឧបករណ៍ខ្លួន សូមលៃលកធ្វើការកែប្រែឲ្យបានមុនពេល៕