Samsung Galaxy S21 5G មិនមានឆ្នាំងសាកថ្ម ឬកាសឡើយ! តើមានមូលហេតុអ្វីនៅពីក្រោយ?

នៅក្នុងព្រឹត្តិការណ៍បង្ហាញផលិតផលថ្មីប្រចាំឆ្នាំ Galaxy Unpacked 2021 ដ៏ធំរបស់ Samsung នេះដែរ ក៏មានព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយយ៉ាងកក្រើកថា ទូរស័ព្ទ Samsung ស៊េរី Galaxy S21 របស់ខ្លួននឹងមិនមានដាក់បញ្ចូលឆ្នាំងសាកថ្ម ឬកាសនៅក្នុងប្រអប់ជាមួយទូរស័ព្ទឡើយ។ តើមូលហេតុអ្វីបានជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះសម្រេចចិត្តដូចនេះ?

តាមរយៈបទបង្ហាញ និងសេចក្ដីថ្លែងការណ៍របស់ Samsung ក្នុងព្រឹត្តិការណ៍ Unpacked ថ្មីៗនេះ ក្រុមហ៊ុនបានប្រាប់ឱ្យដឹងថា ក្រុមហ៊ុនបានមើលឃើញថាអតិថិជនរបស់ខ្លួចាប់ផ្ដើមអនុវត្តជីវិតបែបចីរភាពសម្រាប់អនាគតកាន់តែប្រសើររបស់ពួកគេ។ ក្នុងនោះផងដែរ មានអ្នកប្រើទូរស័ព្ទជាច្រើននាក់ចង់ប្រើឆ្នាំងសាកថ្ម និងកាសស្ដាប់របស់ខ្លួនឡើងវិញ ហើយកាស ឬឆ្នាំងសាកថ្មថ្មីរបស់ទូរស័ព្ទថ្មីត្រូវបានទុកចោលនៅក្នុងប្រអប់ដដែលដោយមិនមានការយកមកប្រើឡើយ។

លើសពីនេះ ពួកគេក៏បាននិយាយទៀតផងដែរថា “ភពផែនដីនេះគឺអ្នកផ្ទះដែលពួកគេរស់នៅជាមួយគ្នា ហើយ Samsung កំពុងដើរតួនាទីរបស់យើងដើម្បីធ្វើឱ្យអនាគតសម្រាប់ក្មេងជំនាន់ក្រោយកាន់តែប្រសើ។ ជាមួយនឹងជម្រើសរបស់លោកអ្នក និងភពផែនដីក្នុងចិត្ត យើងសូមនាំលោកអ្នកមកកាន់វិធីមួយដែលជួយទប់ស្កាត់មិនឱ្យសម្ភារដែលមិនប្រើនៅគរចោលក្នុងថតតុរបស់លោកអ្នក។ ទូរស័ព្ទ S21 របស់លោកអ្នកនឹងមានមកជាមួយនូវខ្សែសាក USB-C ដែលអាចប្រើបានជាមួយនឹងឧបករណ៍ជាច្រើនផ្សេងទៀតរបស់លោកអ្នក ហើយឆ្នាំងសាកថ្មរបស់យើងនឹងមានលក់ជូនសម្រាប់លោកអ្នកដែលត្រូវការទិញថ្មីមួយក្នុងតម្លៃទាបជាងមុន។”

នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើនេះ យើងអាចសរុបបានថា ក្រុមហ៊ុន Samsung បានដកចេញនូវឆ្នាំងសាកថ្ម និងកាសស្ដាប់ពីការលក់ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួននេះ ដោយសារតែអ្នកប្រើប្រាស់ទូរស័ព្ទ Galaxy ភាគច្រើនមិនត្រូវការ ឬមិនប្រើសម្ភារថ្មីឡើយ។ ការសម្រេចចិត្តនេះក៏បានជួយដល់ក្រុមហ៊ុនក្នុងការកាត់បន្ថយកាកសំណល់កាបូន និងកាកសំណល់ពីឧបករណ៍អេឡិចត្រូនិច ដោយកាកសំណល់ទាំងពីរប្រភេទនេះកំពុងបង្កជាបញ្ហាធំដល់ភពផែនដី៕

ប្រភព៖ Phone Arena