វៀតណាមសើ្នសុំក្រុមហ៊ុន LG CNS វិនិយោគគម្រោងទីក្រុងឆ្លាតវៃក្នុងប្រទេសរបស់ខ្លួន

បរទេស៖ ថ្មីៗនេះ ក្រុមហ៊ុន LG CNS ដែលជាក្រុមសម្ព័ន្ធមួយរបស់ក្រុមហ៊ុន LG បានពិភាក្សាលើកិច្ចសហប្រតិបត្តិការលម្អិតមួយជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្តដុងណៃ ប្រទេសវៀតណាម ដោយក្នុងនោះមានគម្រោងក្នុងការបង្កើតទីក្រុងឆ្លាតវៃរួមគ្នាផងដែរ។

គណៈកម្មាធិការនេះបានសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគម្រោងទីក្រុងឆ្លាតវៃរបស់ LG CNS និងបានស្នើសុំការវិនិយោគរបស់ខ្លួននៅខេត្តដុងណៃដែលជាខេត្តមួយនៅតំបន់ភាគអាគ្នេយ៍នៃប្រទេសវៀតណាម ដោយស្ថិតនៅភាគខាងកើត និងភាគឥសាននៃទីក្រុងហូជីមិញ។

ជាមួយគ្នានេះផងដែរ អនុប្រធានគណៈកម្មាធិការមួយរូបបានមានប្រសាសន៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ដូចជា Vietnamfinance ថា “ការព្រួយបារម្ភដ៏ធំបំផុតរបស់ដុងណៃគឺការផ្លាស់ប្ដូរបែបឌីជីថល”។ លោកបានបន្តថា “យើងកំពុងជំរុញគម្រោងទីក្រុងវៃឆ្លាតទៅក្នុងវិស័យផ្សេងៗដូចជា ការ​ដឹក​​ជញ្ជូន និងសុខាភិបាល។ យើងសង្ឃឹមថា ក្រុមហ៊ុន LG CNS បង្ហាញគំរូលម្អិតសម្រាប់វិស័យនីមួយៗ និងបោះជំហានទៅមុខតាមរយៈការពិភាក្សាជាមួយនឹងរដ្ឋាភិបាលក្នុងតំបន់”។

លើសពីនេះទៀត រដ្ឋាភិបាលរបស់វៀតណាមបាន និងកំពុងលើកកម្ពស់ទីក្រុងឆ្លាតវៃតាំងពីឆ្នាំ 2015 មកម្ល៉េះ ហើយបានដាក់បញ្ចូលគម្រោងនេះទៅក្នុងគម្រោងអភិវឌ្ឍសម្រាប់រយៈពេលមធ្យម និងវែង។ ហើយពួកគេក៏បានអនុវត្តគម្រោងសាកល្បងនៅតាមទីក្រុងធំៗដូចជាទីក្រុងហូជីមិញ ដាណាង និងហាណូយ ដោយមានការចូលរួមពីក្រុមហ៊ុន Vietel និងក្រុមហ៊ុន VNPT ដែលក្រុមហ៊ុនទាំងនេះសុទ្ធតែជាប្រតិបត្តិករផ្គត់ផ្គង់សេវាទូរគមនាគមន៍របស់វៀតណាម និងក្រុមហ៊ុនមួយចំនួនទៀតជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន មានដូចជា IBM របស់សហរដ្ឋអាមេរិកជាដើម។

ទន្ទឹមនឹងនេះដែរ ក្នុងចំណោមក្រុមហ៊ុនរបស់ប្រទេសកូរ៉េផ្សេងទៀត ក្រុមហ៊ុន Lotte កំពុងធ្វើការផ្សព្វផ្សាយគម្រោងទីក្រុងឆ្លាតវៃ Thu Thiem Echo Smart City ដែលមានតម្លៃដល់ទៅ 2 សែនកោដិវ៉ុនក្នុងលក្ខណៈភាពជាដៃគូជាមួយនឹងនឹងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។ ទីក្រុងឆ្លាតវៃនេះគ្របដណ្ដប់លើផ្ទៃដី 6,57 លានម៉ែត្រការ៉េ ដែលមានទំហំប្រហែល 2,2 ដងនៃទីក្រុង Yeouido របស់ទីក្រុងសេអ៊ូល ហើយនឹងមានអគារពាណិជ្ជកម្មខ្ពស់ៗ ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗទៀត។

ក្រុមហ៊ុន LG CNS បាននឹងកំពុងជំរុញឱ្យមានការបង្កើតគម្រោងទីក្រុងឆ្លាតវៃធំៗ ហើយក្រុមហ៊ុននេះបានបង្កើតផែនការមេ U-Seoul Master Plan នៅទីក្រុងសេអ៊ូល កាលពីឆ្នាំ 2005 និងបានបន្តបង្កើតផែនការមេ U-City នៅទីក្រុងប៉ាងឃ្យូ នៅឆ្នាំ 2008។ កាលពីខែតុលា ឆ្នាំ 2020 ក្រុមហ៊ុន LG CNS បានបង្ហាញសមត្ថភាពដ៏រឹងមាំរបស់ខ្លួនតាមរយៈការឈ្នះគម្រោងសាកល្បងទីក្រុងឆ្លាតវៃរបស់សេចុង Sejong Smart City Pilot ដែលមានតម្លៃរហូតដល់ទៅ 3 សែនកោដិវ៉ុនពីរដ្ឋាភិបាលកូរ៉េ៕

 

ប្រភព៖ Business Korea