ប្លែកម្ល៉េះ? លើកនេះ Mercedes បញ្ចេញរថយន្តអេឡិចត្រូនិចជំនាន់ថ្មីរបស់ខ្លួន លក់ក្នុងតម្លៃថោក

ស្របពេលជាមួយដៃគូប្រជែងជាច្រើនកំពុងឈានជើងចូលក្នុងវិស័យរថយន្តអេឡិចត្រូនិក ព្រមទាំងដាក់លក់ក្នុងតម្លៃថ្លៃៗ ស្រាប់តែខាងក្រុមហ៊ុន Mercedes ដែលធ្លាប់តែផលិតរថយន្តថ្លៃៗឯនេះវិញ ក៏បានងាកមកផលិតរថយន្តអេឡិចត្រូនិកដូចគេឯងដែរ តែមានតម្លៃថោកសមរម្យ ។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mercedes ទើបតែបានប្រកាសចេញរថយន្តអគ្គិសនីម៉ូដែល EQA ថ្មីរបស់ខ្លួន សម្រាប់ស៊េរីឆ្នាំ២០២១ ដែលមានតម្លៃត្រឹមតែខ្ទង់ ខ្ទង់ ៤៦ ៧០០ដុល្លារប៉ុណ្ណោះ ។

រថយន្តនេះ មានរូបរាងតូចជាងគេបំផុតក្នុងត្រកូល EQ នេះ ត្រូវបានផលិតផ្អែកតាមម៉ូដែល Mercedes GLA។ វានឹងផ្តល់ជាជម្រើសម៉ូដែល EQA 250 ដែលបំពាក់ម៉ូទ័រអគ្គិសនីមួយមានកម្លាំង ១៨៧សេះ ដំណើរការដោយប្រព័ន្ធប៉ុងមុខ ហើយប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៦៦,៥គីឡូវ៉ាត់ម៉ោង។

ជាមួយគ្នានេះ ក្រុមហ៊ុន Mercedes អះអាងថា រថយន្តអគ្គិសនីរបស់ខ្លួនមួយនេះ នឹងផ្តល់ចម្ងាយបើកបរ ៤២៥គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ បើសិនជាប្រើខ្សែសាកល្បឿនលឿន នោះវាប្រើពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ ដើម្បីបំពេញថាមពលពី ១០ ទៅ ៨០ភាគរយ។

សូមបញ្ជាក់ថា សម្រាប់តម្លៃ ៤៦ ៧០០ដុល្លារ នៃរថយន្តអគ្គិសនី Mercedes EQA ស៊េរីឆ្នាំ ២០២១ នេះ គឹសម្រាប់លក់នៅលើទីផ្សារប្រទេសអាឡឺម៉ង់ ៕