LG ពិចារណាចាកចេញពីទីផ្សារផលិតទូរស័ព្ទស្មាតហ្វូននៅឆ្នាំ 2021 នេះ?

បរទេស៖ ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន LG បានខាតបង់ប្រាក់ទុនដល់ទៅជាង 4,5 ពាន់លានដុល្លារអាមេរិក ធ្វើឱ្យក្រុមហ៊ុនមានភាពត្រដាបត្រដួសក្នុងការប្រកួតប្រជែងជាមួយនឹងដៃគូប្រជែងរបស់ខ្លួន។

បើតាមការផ្ដល់ដំណឹងផ្ទៃក្នុងរបស់នាយកប្រតិបត្តិរបស់ LG លោក Kwon Bong-seok កាលពីថ្ងៃពុធ ផ្ដល់ឱ្យទៅបុគ្គលិកថាក្រុមហ៊ុនកំពុងពិចារណាក្នុងការផ្លាស់ប្ដូរដ៏ធំសម្រាប់អាជីវកម្មទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន ដែលមានន័យទំនងជាក្រុមហ៊ុន LG កំពុងពិចារណាចាកចេញពីទីផ្សារផលិតទូរស័ព្ទស្មាតហ្វូននៅឆ្នាំ 2021 នេះដែរ។ សេចក្ដីថ្លែងការណ៍ដែលបានផ្ដល់ជូនដល់របាយការណ៍ The Korea Herald នោះបានបញ្ជាក់ “ចាប់តាំងពីការប្រកួតប្រជែងនៅក្នុងទីផ្សារទូរស័ព្ទសកលស្វិតស្វាញ និងច្រើនឡើងៗ គឺដល់ពេលដែល LG ត្រូវធ្វើការវិនិច្ឆ័យ និងជ្រើសរើសជម្រើសដ៏ល្អបំផុតហើយ។  ក្រុមហ៊ុនកំពុងពិចារណាគ្រប់មធ្យោបាយទាំងអស់ រួមមានទាំងការលក់ ការចាកចេញ និងការកាត់បន្ថយអាជីវកម្មទូរស័ព្ទស្មាតហ្វូន។ ក្នុងនោះដែរ លោក Kwon បានប្រាប់ដល់បុគ្គលិករបស់ខ្លួនមិនឱ្យមានការព្រួយបារម្ភអ្វីនោះទេ គឺបុគ្គលិកទាំងអស់នៅតែមានការងារធ្វើ។

ខណៈពេលដែលមានការលេចឮថា LG នឹងប្រឈមនឹងការចាកចេញពីវិស័យទូរស័ព្ទស្មាតហ្វូននេះ ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិចរបស់កូរ៉េខាងត្បូងមួយនេះបានបង្ហាញទូរស័ព្ទម៉ូដែលថ្មីទំនើបចុងក្រោយរបស់ខ្លួនដែលមានអេក្រង់រមូលយ៉ាងស្អាតប្រៀបដូចវេទមន្ដនៅក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2021។ តាមរយៈការបង្ហាញនូវផលិតផលប្រកបដោយភាពច្នៃប្រឌីតរបស់ LG បែបនេះ តើលោកអ្នកគិតថា LG នឹងបោះបង់វិស័យផលិតផលទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនដែរឬទេ?

ប្រភព៖ The Verge & GSM Arena