
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BMW បានប្រកាសអំពីបច្ចុប្បន្នភាពថ្មីនៃសោរថយន្ត Digital ដ៏ពិសេសរបស់ខ្លួន ដែលឲ្យឈ្មោះថា Digital Key Plus ហើយក្រុមហ៊ុនបានអះអាងថា នឹងធ្វើឲ្យវាប្រសើរជាងមុន។
Digital Key Plus គឺជាសោអេឡិចត្រូនិកនៃបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន BMW ដោយមានការចូលរួមពីក្រុមហ៊ុន Apple ដូច្នេះហើយ BMW បានសន្យាថា នឹងធ្វើឲ្យម្ចាស់ទូរស័ព្ទ Iphone ទាំងអស់ អាចបញ្ជាបិទ ឬបើកទ្វាររថយន្ត ដោយមិនបាច់ដកទូរស័ព្ទចេញពីហោប៉ៅឡើយ ហើយនេះក៏អរគុណដល់បន្ទះឈីប U1 របស់ Apple ផងដែរ ។
ប្រភពបានឲ្យដឹងថា Digital Key Plus ថ្មីនឹងបង្ហាញខ្លួនជាលើកដំបូងតំណាលគ្នាទៅនឹងវត្តមានរថយន្តអេឡិចត្រនិក BMW iX ដែរ ខណៈដែលរថយន្តនេះ នឹងចេញលក់នៅអឺរ៉ុប នាចុងឆ្នាំ ២០២១ ហើយនៅឆ្នាំបន្ទាប់នឹងមាននៅសហរដ្ឋអាមេរិក ។
BMW បានបញ្ជាក់យ៉ាងដូច្នេះថា Digital Key Plus ជំនាន់ថ្មី នឹងពិសេសជាង Digital Key Plus ជំនាន់នេះ ព្រោះវាផ្ដោតទៅលើការប្រើប្រាស់ ដោយមិនចាំបាច់កាន់ទូរស័ព្ទនៅនឹងដៃរឡើយដោយគ្រាន់តែមានវានៅហោប៉ៅប៉ុណ្ណោះ ផ្ទុយពី Digital Key Plus ជំនាន់នេះ ដែលប្រើជាមួយ NFC ។
ជាមួយគ្នានេះ គេហទំព័រ MacRumors បានចុះផ្សាយថា បច្ចុប្បន្នមានតែក្រុមហ៊ុន BMW មួយប៉ុណ្ណោះ ដែលកំពុងប្រើប្រាស់ ក៏ដូចជាអភិវឌ្ឍបច្ចេកវិទ្យា Digital Key Plus ហើយបើតាមការចុះផ្សាយរបស់ Business Korea បានឲ្យដឹងថា ក្រុមហ៊ុន Hyundai ក៏មានគម្រោងប្រើប្រាស់បច្ចេកវិទ្យានេះ ដូច BMW ដែរ ៕
ប្រភព៖ theverge