Google ប្រើប្រាស់ការិយាល័យនៅស.រ.អាមេរិកជាទីតាំងចាក់វ៉ាក់សាំងកូវីដ 19

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក Sundar Pichai នាយកប្រតិបត្តិ Google  ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកបានធ្វើសេចក្ដីប្រកាសថា ខ្លួននឹងជ្រើសរើសទីតាំងការិយាល័យរបស់ខ្លួនមួយចំនួនដូចជាអគារ ចំណតយានយន្ដ និងទីធ្លានានាដែលចាំបាច់ដើម្បីប្រើប្រាស់ជាទីតាំងចាក់វ៉ាក់សាំងកូវីដ 19 ដូចដែលលោកអ្នកដឹងហើយថាការិយាល័យរបស់ Google ពិតជាមានទំហំធំខ្លាំង។ ទីតាំងចាក់វ៉ាក់សាំងទាំងនេះនឹងត្រូវបើកជាសាធារណៈដល់អ្នកដែលមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលការចាក់វ៉ាក់សាំង។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះកំពុងសហការជាមួយនឹងភ្នាក់ងារសុខាភិបាល One Medical និងអាជ្ញាធរសុខាភិបាលសាធារណៈផ្សេងទៀតដើម្បីបើកទីតាំងចាក់វ៉ាក់សាំងកូវីដ 19 នៅក្នុងទីក្រុងឡូសអេនជេលេស និងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងរដ្ឋកាលីហ្វ័រញ៉ា ឃឹកលេន វ៉ាស៊ីនតោន និងទីក្រុងញូយ៉ក។ ខណៈពេលដែល Google កំពុងចាប់ផ្ដើមដំណើរការរៀបចំទីតាំងចាក់វ៉ាក់សាំងនៅក្នុងសហរដ្ឋអាមេរិកនេះ ក៏មានការបន្ថែមសេចក្ដីដែរថា ក្រុមហ៊ុនមួយនេះកំពុងរៀបចំផែនការក្នុងការអនុញ្ញាតិឱ្យការិយាល័យរបស់ខ្លួននៅប្រទេសផ្សេងទៀតអាចយកមកប្រើជាទីតាំងចាក់វ៉ាក់សាំងកូវីដ 19 ផងដែរ។

ទន្ទឹមនឹងការអនុញ្ញាតិឱ្យប្រើប្រាស់ទីតាំងការិយាល័យផ្ទាល់ខ្លួនធ្វើជាទីតាំងសម្រាប់ចាក់វ៉ាក់សាំងហើយនោះ Google ក៏បានប្រកាសនូវការវិនិយោគទឹកប្រាក់ 150 លានដុល្លារអាមេរិកដើម្បីលើកកម្ពស់ការអប់រំពីវ៉ាក់សាំង និងការចូលរួមដោយស្មើភាពគ្នា។ ដើម្បីផ្ដល់ព័ត៌មានដែលត្រឹមត្រូវ និងទាន់ពេលវេលាស្ដីពីការចាក់វ៉ាក់សាំង Google បានពង្រីកផ្ទាំងព័ត៌មានរបស់ខ្លួននៅក្នុងមុខងារស្វែងរកទៅកាន់ជាង 40 ប្រទេសដោយមានរាប់សិបភាសាឯនោះ។ នេះរួមបញ្ចូលទាំងមុខងារ “Get The Facts” ដើម្បីទទួលយកព័ត៌មានដែលពិតតែប៉ុណ្ណោះនៅក្នុង Google និង YouTube ដើម្បីផ្សព្វផ្សាយព័ត៌មានផ្លូវការពីការវ៉ាក់សាំងដល់សាធារណជនទូទៅ។

ក្នុងនោះដែរ Google បានដាក់បញ្ចូលការស្វែងរក “vaccines near me” ឬវ៉ាក់សាំងដែលនៅក្បែរខ្ញុំដ៏គួរឱ្យកត់សម្គាល់ចាប់តាំងពីដើមឆ្នាំនេះ។ អ្នកប្រើប្រាស់ដែលមានទីតាំងនៅក្នុងរដ្ឋអារីហ្សូណា ល្វីសាណា មីស៊ីស៊ីពី និងរដ្ឋតិចសាស់អាចនឹងមើលឃើញពីទីតាំងចាក់វ៉ាក់សាំងដែលនៅជិតពួកគេនៅក្នុង Google Search និងផែនទី Maps។ មុខងារនេះត្រូវបានគេរំពឹងថានឹងពង្រីកទៅដល់រដ្ឋ និងប្រទេសជាច្រើនទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕

ប្រភព៖ Android Central