Samsung បង្អួតទូរស័ព្ទគ្រោងនឹងចេញ មានថាមពលថ្មដល់ទៅ 7000mAh

ឥណ្ឌា៖ ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែនជាមួយនឹងព័ត៌មានរបស់ Samsung នៅប្រទេសឥណ្ឌា ដែលគ្រោងនឹងបង្ហាញនូវទូរស័ព្ទម៉ូដែលកណ្ដាល Galaxy F62 នៅថ្ងៃទី 15 ខាងមុខនេះ ដោយត្រូវបានគេបង្ហើបថាមានថាមពលថ្មដល់ទៅ 7000mAh ខ្លាំងបំផុត។

ការបង្ហើបពីវត្តមានរបស់ Samsung Galaxy F62 នេះត្រូវបានបង្ហាញលើទំព័រពាណិជ្ជកម្មទូរស័ព្ទរបស់ Flipkart ផ្សារអនឡាញដ៏ល្បីរបស់ឥណ្ឌា។ Samsung Galaxy F62 នេះមិនទាន់ត្រូវបានទីផ្សារខាងប្រទេសកូរ៉េខាងត្បូងបញ្ជាក់ថាមានលក់នៅលើទីផ្សារ ឬបញ្ជាក់ពីថាមពលថ្មប៉ុណ្ណានៅឡើយនោះទេ។ យ៉ាងណាមិញ តាមរយៈទំព័រផ្សារអនឡាញរបស់ឥណ្ឌាខាងលើបានបង្ហើបថា Samsung Galaxy F62 នឹងមានអេក្រង់ទំហំ 6.7 អ៊ីង កញ្ចក់ AMOLED FHD+ ជាមូយនឹងការរចនាចំណុចប្រហោងកាមេរ៉ាមុខបែប Infinity-O ជាមួយនឹងកន្លែងស្កេនក្រយៅដៃនៅខាងក្រោយ។ លើសពីនេះ ទូរស័ព្ទម៉ូដែលនេះអាចនឹងប្រើបន្ទះឈីប Exynos 9825 ជាមួយនឹង RAM ទំហំ 8GB និងទំហំផ្ទុកក្នុងម៉ាស៊ីនទំហំ 128GB។ ទន្ទឹមនឹងនេះដែរ ទូរស័ព្ទថ្មខ្លាំងខាងលើអាចនឹងប្រើ One UI 3.1 លំនាំ Android 11 ថែមទៀតផង។ រីឯកាមេរ៉ាមុខរបស់ទូរស័ព្ទមានទំហំដល់ទៅ 32 មេហ្គាភិចសែល និងកាមេរ៉ាក្រោយមានចំនួនបួនគ្រាប់ដោយកាមេរ៉ាចម្បងមានទំហំ 64 មេហ្គាភិចសែល។ Galaxy F62 នឹងមានលក់ក្នុងទឹកដីឥណ្ឌា ដោយមានតម្លៃប្រហែល $343។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung  ធ្លាប់បានផលិតទូរស័ព្ទដែលមានថ្មថាមពល 7000mAh ពីមុនរួចមកហើយម៉ូដែល Galaxy M51។

សម្រាប់លោកអ្នកវិញគិតយ៉ាងណាប្រសិនអាចប្រើទូរស័ព្ទដែលមានថាមពលថ្មធំបែបនេះ?

ប្រភព៖ Gizmochina