LG កំពុងចុះអាជ្ញាបណ្ណ webOS របស់ខ្លួនទៅដល់ក្រុមហ៊ុនផលិតទូរទស្សន៍ឆ្លាតវៃផ្សេងទៀត

កាលពីដើមខែមករាកន្លងទៅនេះ ក្រុមហ៊ុន LG អេឡិចត្រូនិចរបស់កូរ៉េខាងត្បូង បានធ្វើការបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ webOS 6.0 សម្រាប់ប្រើលើទូរទស្សន៍ជំនាន់ចុងក្រោយគេក្នុងព្រឹត្តិការណ៍ CES 2021។ ក្នុងនោះដែរ មានមុខងារប្លែកៗជាច្រើនត្រូវបានផ្លាស់ប្ដូរ ហើយក្រុមហ៊ុនកំពុងគ្រោងធ្វើឱ្យប្រព័ន្ធប្រតិបត្តិការនេះកាន់តែមានភាពទូលំទូលាយជាង ដោយគេនឹងចុះអាជ្ញាបណ្ណ webOS ឱ្យក្រុមហ៊ុនផលិតទូរទស្សន៍ផ្សេងទៀតអាចយកទៅប្រើបាន។

ក្នុងនោះដែរ មានក្រុមហ៊ុនផលិតទូរទស្សន៍ជាង 20 ពីជុំវិញពិភពលោកបានចុះហត្ថលេខាទទួលអាជ្ញាបណ្ណពី LG ហើយ ដែលក្នុងនោះមានដូចជា RCA, Ayonz និង Konka ជាដើម។ ប្រព័ន្ធប្រតិបត្តិការសម្រាប់ប្រើលើទូរទស្សន៍របស់ LG នេះ នឹងធ្វើឱ្យអ្នកដែលធ្វើការរកស៊ីក្នុងវិស័យនេះទទួលផលចំណេញ ដូចជា វានឹងនាំឱ្យមានក្រុមអ្នកអភិវឌ្ឍកម្មវិធីអាចបង្កើតកម្មវិធីជាច្រើនសម្រាប់អ្នកប្រើ ហើយវាក៏មានផលប្រយោជន៍សម្រាប់ក្រុមហ៊ុនផងដែរ ដែលចំនួននៃអ្នកប្រើសេវាកម្ម Streaming លើប៉ុស្ដិ៍ទូរទស្សន៍របស់ LG មានកាន់តែច្រើន។

យ៉ាងណាមិញ LG បានបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការទូរទស្សន៍ webOS 6.0 នឹងមានផ្ដាច់មុខលើទូរទស្សន៍ឆ្លាតវៃរបស់ LG។ រីឯភាគីក្រុមហ៊ុនផលិតទូរទស្សន៍ដៃគូផ្សេងទៀតនឹងទទួលបាននូវទម្រង់មួយដែលដាក់ថា នាំមកជូនដោយ webOS TV (powered by webOS TV) វិញ ដែលមានន៍យថា ពួកគេនឹងប្រើ webOS ជំនាន់ 5.0។

LG is licensing its webOS platform to other TV manufacturers | What Hi-Fi?

ទូរទស្សន៍ដែលផលិតដោយក្រុមហ៊ុនចុះបញ្ជីជាមួយនឹង LG នឹងទទូលបានការប្រើនូវមុខងារបញ្ជា Magic Motion ដ៏អស្ចារ្យពី LG។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនដែលកំពុងរង់ចាំសហការដៃគូជាមួយនឹង LG លើគម្រោងនេះមានដូចជា Netflix, Amazon Prime Video, YouTube ។ល។ ដែលកម្មវិធីរបស់ក្រុមហ៊ុនទាំងនេះនឹងមានលើទូរទស្សន៍ឆ្លាតវៃផ្សេងទៀតដែលប្រើអាជ្ញាបណ្ណ webOS របស់ LG។

អគ្គនាយករបស់ LG Home Entertainment មានក្ដីសោមនស្សយ៉ាងខ្លាំងក្នុងការស្វាគមន៍ដៃគូដែលមកពីក្រុមហ៊ុនផលិតទូរទស្សន៍ផ្សេងទៀតក្នុងការប្រើប្រព័ន្ធអេកូទូរទស្សន៍ webOS TV ដោយលោកប្រកាសថានឹងនាំមកនូវបទពិសោធន៍ដែលមានដូចជា UX និងមុខងារដូចគ្នាដែលកំពុងមាននៅលើទូរទស្សន៍របស់ LG ទៅកាន់ក្រុមហ៊ុនដៃគូរបស់លោកដូចគ្នា ហើយក្រុមហ៊ុនសង្ឃឹមថានឹងនាំយកបទពិសោធន៍ដ៏អស្ចារ្យពីពិភពទូរទស្សន៍ដែលប្រើ webOS ទាំងនេះទៅដល់អតិថិជនថ្មី៕

ប្រភព៖ GSM Arena