រឿង 10 យ៉ាងដែលអ្នកមិនគួរដាក់លើ Facebook ប្រសិនបើអ្នកមិនមានបញ្ហានៅថ្ងៃក្រោយ

ជាទូទៅ​នៅពេល​បង្កើត​គណនី Facebook ក្រុមហ៊ុន​តែង​តម្រូវឲ្យ​បំពេញ​គ្រប់​ព័ត៌មាន​ផ្ទាល់ខ្លួន ដើម្បី​ទុកជា​ដំណឹង​សម្រាប់​មិត្តភក្តិ​របស់​យើង និង​លក្ខណ​ខណ្ឌ​មួយចំនួនទៀត។ ជាការ​ពិតណាស់ ការធ្វើ​បែបនេះ​វា​មាន​ប្រយោជន៍ ប៉ុន្តែ​វា​ក៏បាន​បង្ក​ជា​ផល​មិនល្អ​មួយចំនួន​ដែរ ប្រសិនបើ​យើង​ស្គាល់ និង​ដឹង​ពី​វា​មិនបាន​ច្បាស់ ព្រោះ​ជន​ខិល​ខួច​មួយចំនួន​អាច​យក​ព័ត៌មាន​ទាំងនោះ​ទៅធ្វើ​រឿង​មិនល្អ​ណាមួយ។ ខាងក្រោម​នេះ ជា​រឿង 10 យ៉ាង​ដែល​អ្នក​មិនចាំបាច់​ប្រើ ឬ​គួរ​លុប​ចេញពី Facebook ដើម្បី​សុវត្ថិភាព និង​កុំឲ្យ​ឈឺក្បាល​នៅពេល​ក្រោយ៖

  1. ថ្ងៃ ខែ ឆ្នាំ កំណើត៖ ជា​រឿង​ពិត ថ្ងៃខែ​កំណើត​គឺជា​ចំណុច​ដ៏​សំខាន់​មួយ​ដែល​ឧក្រិដ្ឋជន​អាច​ប្រើប្រាស់ ដើម្បី​លួច​ចូលទៅ​កាន់​គណនី​ធនាគារ​ឬ​ទីកន្លែង​សំខាន់​ណាមួយ​របស់​អ្នក។ ហេតុដូចនេះ ប្រសិនបើ​មិន​សំខាន់ អ្នក​មិនចាំបាច់​ដាក់​វា​ក្នុង​គណនី Facebook ទេ។
  2. លេខ​ទូរស័ព្ទ៖ ចំណុច​នេះ​រឹតតែ​សំខាន់​ទៅទៀត ព្រោះ​លោកអ្នក​អាច​នឹងត្រូវ​រំខាន​ពី​ជន​មិន​ស្គាល់មុខ ឬ​ការ Call ចូលមកក្នុង​បំណង​បោកប្រាស់​ណាមួយ​បាន។
  3. មិនត្រូវ Tag ទីតាំង​ផ្ទះ​របស់​អ្នក៖ ក្នុង​កម្មវិធី​របស់ Facebook ក្រុមហ៊ុន​បានដាក់​មុខងារ​នេះ ដើម្បី​ការកំណត់​ទីតាំង​មួយ​ដែល​អ្នក​កំពុង​ស្ថិតនៅ ប៉ុន្តែ​ការ Tag ទីតាំង​ផ្ទះ​របស់​អ្នក​ប្រៀបដូចជា​ការផ្តល់​អស​យ​ដ្ឋា​ន​ឲ្យ​ជន​មិន​ស្គាល់មុខ​ដោយ​មិនដឹង​ខ្លួន​ដូច្នោះ​ដែរ។ ដូច្នេះ អ្នក​អាច​នឹង​គ្មាន​សុវត្ថិភាព ប្រសិនបើ​គេច​ង់​ធ្វើអំពើ​មិនល្អ​ណាមួយ​មកលើ​អ្នក។
  4. ទិន្នន័យ​ទាក់ទង​នឹង Credit Card៖ វារឹតតែ​មិនល្អ​ទៅទៀត នៅពេល​បង្ហោះ​ព័ត៌មានផ្សេងៗ ឬ​បង្ហាញ​ទិន្នន័យ​ទាក់ទង​នឹង​Credit Card របស់​អ្នក​នៅក្នុង Facebook ព្រោះ​គណនី​ក្នុង​ធនាគារ​របស់​អ្នក​អាច​នឹងត្រូវ​លួច ឬ​បន្លំ​ប្រើ​ដោយ​ពួក Hacker។
  5. ការផ្លាស់ប្ដូរ Relationship ក្នុង Facebook៖ ការផ្លាស់ប្ដូរ​ពី In a Relationship ទៅជា Single ក្នុង Facebook គឺជា​រឿង​មួយ​ដែល​ធ្វើឲ្យ​លោកអ្នក​កាន់តែ​ឈឺចាប់ ឬ​សោកសៅ​ថែម​មួយកម្រិត​ទៀត។ ដូច្នេះ គួរ​ចៀសវាង​ការផ្លាស់ប្ដូរ Relationship ក្នុង Facebook គឺ​ប្រសើរ​ជាង មិន​ដូច្នោះ​ទេ អ្នក​អាច​ត្រូវគេ​ដឹង និង​សើចចំអក ឬ​ត្រូវគេ​សួរនាំ​ច្រើន​ដែលនាំឲ្យ​មានការ​ឈឺចាប់​កើន​ទ្វេដង។
  6. កុំ​បង្ហោះ​ទីតាំង​សាលារៀន​របស់កូន៖ ជា​រឿង​ធម្មតា​ការ​បង្ហោះ​ទីតាំង​សាលារៀន​របស់កូនៗក្នុង Facebook អាច​គ្មាន​បញ្ហា​ដល់​រូបអ្នក​ទេ តែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ក្មេង​បាន ព្រោះ​ជនឧក្រិដ្ឋ​អាច​តាម​ទៅ​ចាប់ ឬ​ធ្វើ​សកម្មភាព​មិនល្អ​ណាមួយ​ចំពោះ​ក្មេង ប្រសិនបើ​គេច​ង់​ធ្វើបាប។
  7. លុប Friend ដែល​មិន​ស្គាល់​ពិតប្រាកដ​ចោល៖ ក្នុង​គណនី Facebook បើ​អ្នក​មិន​កំណត់ ឬ​បិទ​ការ Add Friend ទេ វា​ជា​រឿង​ធម្មតា​ដែល​នរណា​ក៏​អាច Add មក​អ្នក​បានដែរ ពេលខ្លះ​អ្នក​ក៏​គួរតែ​ចំណាយពេល ដើម្បី​មើលថា Friend ណា​ដែល​សំខាន់ ហើយ​អ្នក​ស្គាល់​ពួកគេ ច្បាស់ និង​នៅមាន​ទំនាក់ទំនង ក្រៅពីនោះ​គួរតែ​លុបចោល កុំឲ្យ​ចង្អៀត និង​សៅហ្មង​ជាមួយ​ជន​មិន​ស្គាល់មុខ។
  8. បិទ Location Service៖ ការបើក Location Service លើ Facebook អាចធ្វើឲ្យ​ជនឧក្រិដ្ឋ​តាមដាន​សកម្មភាព​រប​ស់​អ្នក​បាន។ ដូច្នេះ គួរ​បិទ Location Service ចោល​ល្អ​ជាង។
  9. ការ​រអ៊ូរទាំ​ទាក់ទង​នឹង​ការងារ៖ ការ​រអ៊ូរទាំ​ទាក់ទង​នឹង​ការងារ​លើ Facebook គឺជា​សកម្មភាព​មួយ​ដែល​មិនគួរ​ធ្វើ​បំផុត ព្រោះ​ប្រធាន​របស់​អ្នក​អាច​ចូលមក​អាន​បាន។
  10. ហាម​បង្ហោះ​គម្រោង​ដំណើរ​កម្សាន្ដ ឬ​ទីកន្លែង​ដើរលេង៖ ជនឧក្រិដ្ឋ​អាច​តាមដាន​សកម្មភាព​ដំណើរ​កម្សាន្ដ​តាមរយៈ​ការ​បង្ហោះ​លើ Facebook បាន និង​អាច​តាម​ទៅ​បង្ករឿង​ដល់​អ្នក​បាន។

ចំណុច​ខាងលើនេះ គ្រាន់តែ​ជា​គំនិតខ្លះៗ ទុក​ជាការ​ក្រើន​រំ​ឮ​ក​ចំពោះ​ប្រិយមិត្ត​ដែល​និយម​លេង Facebook កុំ​ឲ្យមាន​បញ្ហា​នៅពេល​ក្រោយ ព្រោះ​បច្ចេកវិទ្យា​ទំនើប​វា​ផ្ដល់​ទាំង​ផល​ល្អ និង​អាក្រក់ ប្រសិនបើ​យើង​មិនចេះ​គ្រប់គ្រង​វា​ឲ្យបាន​ត្រឹមត្រូវ ខណៈ​យើង​មិនអាច​ដឹងបាន​ថា​នរណា​គេ​គិត​យ៉ាងណា​ចំពោះ​យើង​បានឡើយ៕