សេវាកម្ម AppGallery របស់ Huawei មានអ្នកប្រើសកម្មដល់ទៅជាង 530 លាននាក់ក្នុងមួយខែៗ

បរទេស៖ ក្រុមហ៊ុន Huawei បានចែករំលែកបច្ចុប្បន្នភាពចុងក្រោយបំផុតនៅលើ AppGallery ដែលជាបេះដូងនៃប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន។ ឥឡូវនេះក្រុមហ៊ុនចិនមួយនេះមានអ្នកប្រើប្រាស់សេវាកម្ម AppGallery សកម្មប្រចាំខែជាង 530 លាននាក់ ហើយការចែកចាយកម្មវិធីសម្រាប់ឱ្យទាញយកប្រចាំឆ្នាំមានការកើនឡើង 83% គឺមានចំនួននៃការដោនឡូដកើនដល់ 384 ពាន់លានដងក្នុងឆ្នាំ 2020។

លោក Richard Yu នាយកប្រតិបត្តិក្រុមហ៊ុន Huawei ផ្នែកជំនួញអតិថិជន បានបង្ហាញពីចំនួនទាំងនេះ ហើយលោកបានបង្ហាញថា មានអ្នកអភិវឌ្ឍកម្មវិធី 2,3 លាននាក់បានចុះឈ្មោះ និងកំពុងធ្វើការលើការអភិវឌ្ឍកម្មវិធីទូរស័ព្ទដាក់ឱ្យទាញយកនៅក្នុងសេវាកម្ម AppGallery នេះ ហើយចំនួននេះគឺ 77% ខ្ពស់ជាងចំនួនដែលមាននៅក្នុងឆ្នាំ 2019។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Huawei ក៏បានធ្វើការជាមួយនឹងអ្នកភិវឌ្ឍក្នុងស្រុក និងអន្តរជារិ ហើយបច្ចុប្បន្ន AppGallery មានអ្នកប្រើលើស 1 លាននាក់នៅក្នុងទីផ្សារចំនួន 42 ក្នុង 5 តំបន់។ លោក Zhang Zhe នាយកផ្នែកដៃគូសកលរបស់ Huawei បានបញ្ជាក់ថា ចំនួននៃកម្មវិធី និងសេវាកម្មទូរស័ព្ទរបស់ Huawei គឺមានចំនួនកើនឡើងជាង 2 ដង ក្នុងមួយឆ្នាំ។

យ៉ាងណាមិញ បរិមាណមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ គឺការចូលរួមពីអ្នកអភិវឌ្ឍកម្មវិធីមកពីជុំវិញពិភពលោក គឺជាសក្ខីភាពមួយដែលបង្ហាញថា “សមត្ថភាពរបស់ឧបករណ៍របស់ក្រុមហ៊ុន Huawei ជាអ្នកជំរុញឱ្យមានភាពច្នៃប្រឌិត និងផ្ដល់នូវបទពិសោធន៍កាន់តែប្លែកដល់អ្នកប្រើប្រាស់”៕

ប្រភព៖ GSM Arena