LG កាត់បន្ថយតម្លៃទូរទស្សន៍ប្រភេទ OLED TV 20% ដើម្បីពង្រីកការលក់របស់ខ្លួន

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី 1 ខែមីនា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន LG Electronics បានប្រកាសថា ខ្លួននឹងបង្ហាញនូវទូរទស្សន៍ប្រភេទ OLED TV មួយចំនួនជាមួយនឹងតម្លៃទាបជាងមុននៅក្នុងឆ្នាំ 2021 នេះ។

ក្រុមហ៊ុននឹងបង្ហាញផលិតផលទូរទស្សន៍ចំនួន 18 ម៉ូដែលនៅឆ្នាំនេះ ដែលច្រើនជាងទូរទស្សន៍ឆ្នាំមុនចំនួន 6 ម៉ូដែល។ ពួកគេនឹងរាប់បញ្ចូលនូវទូរទស្សន៍ម៉ូដែល 11 អ៊ីង ជាមួយនឹងទូរទស្សន៍ទំហំ 70 អ៊ីង ឬធំជាងនេះទៀតនៅក្នុងទីផ្សារកូរ៉េ។

បន្ថែមពីនេះផងដែរ តម្លៃលក់ដុំនៃទូរទស្សន៍ទាំងនេះនឹងត្រូវកាត់បន្ថយ 20 ភាគរយ បើធៀបនឹងទូរទស្សន៍ដែលបានចេញនៅឆ្នាំ 2020។ បើតាមការសង្កេតលើទូរទស្សន៍ម៉ូដែល 65 អ៊ីង តម្លៃរបស់ទូរទស្សន៍ស៊េរី G បានធ្លាក់ចុះពី 5,6 លានវ៉ុន ទៅ 4,6 លានវ៉ុនវិញ ហើយទូរទស្សន៍ស៊េរី C បានធ្លាក់ចុះពី 5 លាន ទៅ 4,1 លានវ៉ុនវិញ។ រីឯទូរទស្សន៍ស៊េរី B វិញ គឺតម្លៃធ្លាក់ចុះពី 4,7 លានវ៉ុន ទៅ 3,8 លានវ៉ុន។

ទូរទស្សន៍ស៊េរី G ម៉ូដែល 77/65/55G1 ដែលមានរហស្សនាមថា “ទូរទស្សន៍រូបភាព កញ្ចក់ OLED – OLED gallery TV” ត្រូវបានគេដាក់ឈ្មោះជាផ្លូវការថា “the OLED evo” ដោយទូរទស្សន៍ស៊េរីនេះត្រូវបានគេផលិតឡើងដោយបំពាក់បន្ទះ OLED ជំនាន់ចុងក្រោយ។ ទូរទស្សន៍ម៉ូដែល G នេះ បង្ហាញពីរូបភាពក្នុងកម្រិតខ្ពស់បំផុតក្នុងចំណោមទូរទស្សន៍ស៊េរីផ្សេងទៀត ជាមួយនឹងការរចនាម៉ូដដ៏ល្អឥតខ្ចោះ ហើយទូរទស្សន៍នេះនឹងវាយលុកទីផ្សារជាបន្តបន្ទាប់ចាប់ពីខែមីនានេះតទៅ។

លើសពីនេះ សម្រាប់ទូរទស្សន៍ស៊េរី C ម៉ូដែល 83/77/65/55/48C1 នឹងត្រូវបង្ហាញខ្លួនលឿនជាងម៉ូដែលផ្សេងទៀត។ ទូរទស្សន៍ទាំងនេះនឹងត្រូវជ្រើសរើសជាផលិតផលទូរទស្សន៍ដែលល្អជាងគេនៅក្នុងព្រឹត្តិការណ៍ CES 2021។ ក្រុមហ៊ុន LG Electronics នឹងបង្ហាញនូវទូរទស្សន៍ម៉ូដែល 65 អ៊ីង និង 55 អ៊ីងរបស់ទូរទស្សន៍ស៊េរី C នេះ ដំបូងគេដោយសារតែទូរទស្សន៍ទាំងនេះកំពុងស្ថិតក្នុងតម្រូវការពីអតិថិជនយ៉ាងច្រើន។

បន្ថែមពីនេះទៀត ទូរទស្សន៍យក្សរបស់កូរ៉េនេះនឹងបង្ហាញនូវទូរទស្សន៍ OLED ដែលមានទំហំ 83 អ៊ីង គឺធំជាងគេក្នុងចំណោមទូរទស្សន៍ OLED ផ្សេងទៀត ហើយក្រុមហ៊ុននឹងបង្ហាញនូវទូរទស្សន៍ស៊េរី B ម៉ូដែល 77/65/55B1 និងស៊េរី A ម៉ូដែល 77/65/55/48A1 ផងដែរដើម្បីពង្រីកវិសាលភាពជម្រើសនៃការប្រើប្រាស់សម្រាប់អតិថិជន៕

ប្រភព៖ Business Korea