ល្បីរូបរាង និងកាមេរ៉ារបស់ទូរស័ព្ទលំដាប់ហ្គេម vivo iQOO Neo 5 មុនថ្ងៃបង្ហាញខ្លួនជាផ្លូវការ

ប្រទេសចិន៖ ធ្មេចបើកៗ ជិតដល់ថ្ងៃដែលក្រុមហ៊ុន vivo នឹងបង្ហាញខ្លួនសមាជិកថ្មីសម្រាប់ទូរស័ព្ទទំនើបលំដាប់ហ្គេមត្រកូល iQOO ហើយនៅថ្ងៃនេះដែរ ក៏មានការបង្ហោះរូបភាពមួយចំនួនពីកាមេរ៉ា និងហ្គេមនៅលើទូរស័ព្ទអាថ៌កំបាំងមួយគ្រឿងដែលគេអាចដឹងថាជាទូរស័ព្ទ vivo iQOO Neo 5។

តាមរយៈរូបភាព 3 សន្លឹក ដែលគេបង្ហោះនោះ យើងឃើញថា iQOO Neo 5 អាចនឹងមានកញ្ចក់ OLED បង្ហាញរូបក្នុងហ្វ្រេកង់ 120 Hz ច្បាស់ត្រជាក់ភ្នែក ព្រមទាំងរូបភាពពេលកំពុងលេងហ្គេម មើលទៅជក់ចិត្តដិតអារម្មណ៍ណាស់។

មួយវិញទៀត យើងអាចដឹងវា ទូរស័ព្ទនេះប្រហែលផលិតឡើងដោយមានបំពាក់នូវបន្ទះឈីប Snapdragon 870 មាន RAM ទំហំ 8GB និងមានអង្គចងចាំក្នុងម៉ាស៊ីនទំហំ 128GB ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកប្រហែលជាអាចមានជម្រើសប្រើទូរស័ព្ទដែលមាន RAM ទំហំ 12GB ជាមួយនឹងអង្គចងចាំក្នុងម៉ាស៊ីនទំហំ 256GB ផងដែរ។

បន្ថែមពីនេះទៀត vivo iQOO Neo 5 ត្រូវបានគេទម្លាយថានឹងមានកាមេរ៉ាមុខទំហំ 16 មេហ្គាភិចសែលនៅលើកញ្ចក់ខាងមុខដោយមានរាងដូចដំណក់ទឹកតូចមួយលើអេក្រង់។ ចំណែកឯកាមេរ៉ាក្រោយវិញ គេនឹងប្រើកាមេរ៉ារបស់ Sony IMX598 ទំហំ 48 មេហ្គាភិចសែលសម្រាប់កាមេរ៉ាចម្បង កាមេរ៉ា ultrawide នឹងមានទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាមួយទៀតអាចនឹងមានទំហំ 2 មេហ្គាភិចសែល។ vivo iQOO Neo 5 នឹងប្រើប្រព័ន្ធប្រតិបត្តិការរបស់ vivo ផ្ទាល់ Origin OS និង Android 11។ ចំពោះកាលបរិច្ឆេទចេញផ្សាយជាផ្លូវការវិញ គឺគេបានទម្លាយថានឹងបង្ហាញខ្លួននៅក្នុងថ្ងៃទី 16 ខែមីនា ឆ្នាំ 2021 ខាងមុខនេះ។

ប្រិយមិត្តដែលស្នេហាការលេងហ្គេមលើទូរស័ព្ទប្រហែលជាកំពុងទន្ទឹងរង់ចាំការមកដល់ជាផ្លូវការនូវទូរស័ព្ទ vivo iQOO Neo 5 ហើយមែនទេ?

ប្រភព៖ Phone World