Mercedes-Benz បង្ហាញសមាជិកថ្មីនៃត្រកូល G-Class មួយម៉ូឌែលទៀត ហើយម៉ូឌែលនេះមិនសូវផឹកប្រេងឥន្ធនៈប៉ុន្មានទេ

ថ្មីៗនេះ ក្រុមហ៊ុន Mercedes-Benz បានបង្ហាញសមាជិកថ្មីមួយម៉ូឌែលទៀតនៃត្រកូល G-Class នោះគឺ G400d ។ សូមបញ្ជាក់ថា G400d គឺជាសមាជិកទីពីរ បន្ទាប់ពី AMG G63 ។

រថយន្ត G400d មានរចនាបទខាងក្រៅ ស្រដៀងគ្នាច្រើនទៅនឹង AMG G63 ប៉ុន្តែចំណុចពិសេសរបស់វានោះ គឺជារថយន្តសន្សំសំច័យ ដោយបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីប្រេងឥន្ធនៈត្រឹមតែ ៩ លីត្រកន្លះប៉ុណ្ណោះ ។

និយាយដល់គ្រឿងដែលបំពាក់ខាងក្នុងរថយន្តត្រកូល G-Class  ជំនាន់ថ្មីនេះ មានដូចជា អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ដែលអាចភ្ជាប់មុខងារ Satellite Radio, Navigation, Android Auto និង Apple Carplay, កៅអីបញ្ជារទិសដៅ ដោយថាមពលអេឡិចត្រូនិច, ម៉ាស៊ីនត្រជាក់ ៣តំបន់, ចង្កូតស្រោបដោយស្បែក, កាំម៉េរា ៣៦០ដឺក្រ និងប្រព័ន្ធតន្ត្រី Burmester។

បន្ថែមពីនេះបានបំពាក់ជាមួយ ចង្កៀងមុខប្រភេទ MultiBeam LED, ដំបូលកញ្ចក់, ថាសកង់ស្ព័រទំហំ ១៩អ៊ីញ, កម្មវិធីទូរស័ព្ទ Mercedes me និងប្រព័ន្ធជំនួយការបើកបរ Active Distance Assist Distronic, ប្រព័ន្ធរក្សាគន្លងផ្លូវ, Blind Spot Assist, Pre-Safe និង ប្រព័ន្ធបង្ហាញផ្លាកសញ្ញាចរាចណ៍ ។

ចំពោះផ្នែកម៉ាស៊ីនវិញ G400d បានបំពាក់ ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ Turbocharging បង្កើតកម្លាំងបាន ៣២៦សេះ កម្លាំងបង្វិល ៧០០Nm ដំណើរការជាមួយប្រអប់លេខ ៩វគ្គ និងប៉ុងពីរ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៤វិនាទី។

សូមបញ្ជាក់ថា សម្រាប់តម្លៃរថយន្ត G400d នៅលើទីផ្សារអន្តរជាតិ គឺប្រមាណជាង ១៨ ម៉ឺនដុល្លារ បើធៀបជាមួយម៉ូឌែល G63 គឺម៉ូឌែលនេះថោកជាងរហូតទៅដល់ជាង ៤ម៉ឺនដុល្លារ ៕