រថយន្ត Hyundai ស៊េរីថ្មីមួយម៉ូឌែល មានរូបរាងឡូយ ដូចរថយន្តតម្លៃថ្លៃរាប់សែនដុល្លារ

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Hyundai បានប្រកាសចេញនូវរថយន្ត SUV ខ្នាតតូចថ្មីសន្លាងរបស់ខ្លួន មួយម៉ូឌែលមានឈ្មោះថា Bayon ស៊េរីឆ្នាំ២០២១ ជាមួយតម្លៃដ៏សមរម្យបំផុត ។

យោងតាមការរចនារូបរាងខាងក្រៅបង្ហាញឲ្យឃើញថា រថយន្ត  Bayon ស៊េរីឆ្នាំ២០២១ មានរូបរាងប្រណីត ទាក់ទាញខ្លាំងបំផុត ដែលប្រៀបបានដូចជា រថយន្តអេឡិចត្រូនិក ឬរថយន្តដែលមានតម្លៃថ្លៃៗមួយចំនួនដែរ ។

រថយន្តនេះទំនងជាបង្កើតឡើងដើម្បីប្រជែងជាមួយដៃគូ ដែលមានដូចជា Ford Puma, Volkswagen T-Cross និង Nissan Juke ។  ហើយសម្រាប់តម្លៃរបស់វាខ្ទង់ ២៣ ៧០០ដុល្លារ សម្រាប់ទីផ្សារបរទេស នៅពេលចេញលក់ជាផ្លូវការ។

ក្រុមហ៊ុន Hyundai បានបញ្ជាក់ថា ឈ្មោះនេះត្រូវហៅថា Bye-Onn ហើយត្រូវបានជ្រើសរើសដើម្បីឆ្លុះបញ្ចាំងថារថយន្ត Hyundai នេះត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ទីផ្សារអឺរ៉ុប។

តាមការបង្ហាញរបស់  Hyundai បានឲ្យដឹងថា រថយន្ត Hyundai Bayon ផលិតឡើងដោយផ្អែកតាមម៉ូឌែល Hyundai i20 Hatchback  មានប្រវែងតួខ្លួន ៤ ១៨០មីល្លីម៉ែត្រ, ទទឹង ១ ៧៧៥មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៥៨០មីល្លីម៉ែត្រ។

និយាយដល់ផ្នែកម៉ាស៊ីន រថយន្តនេះផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ ប្រភេទ គឺម៉ាស៊ីនសាំងចំណុះ ១,០លីត្រ turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ៩៨សេះ និង ១១៨សេះ។ ជាមួយគ្នានេះ ម៉ាស៊ីនទាំងពីរខាងលើសុទ្ធតែទទួលបានជំនួយពីប្រព័ន្ធ Mild Hybrid ៤៨ វ៉ុល  ៕