កំពូលរថយន្ត SUV ប្រណីតស៊េរីឆ្នាំ ២០២១ មួយម៉ូឌែលរបស់ក្រុមហ៊ុន Mercedes កំពុងមានវត្តមានក្នុងស្រុកយើងហើយ

កាលពីពេលថ្មីៗនេះ បើយោងតាមរយៈការផ្សព្វផ្សាយរបស់ឃ្លាំងលក់រថយន្តធំមួយក្នុងរាជធានីភ្នំពេញ បានបង្ហាញថា កំពូលរថយន្ត SUV ដ៏ប្រណីត Mercedes-Maybach GLS 600 4MATIC ស៊េរីឆ្នាំ ២០២១ កំពុងមានវត្តមាននៅលើទឹកប្រទេសកម្ពុជាហើយ ប៉ុន្តែយ៉ាងណាមិញ គេមិនបានបង្ហាញអំពីតម្លៃលើទីផ្សារប្រទេសយើងនៅឡើយ ។

រថយន្ត Mercedes-Maybach GLS 600 4MATIC ស៊េរីឆ្នាំ២០២១ គឺជារថយន្ត SUV ដ៏ទំនើប និងប្រណីតបំផុតមួយ ស័ក្ដិសមឥតខ្ចោះជាមួយអ្នកវណ្ណៈអភិជន ក៏ដូចជាថ្នាក់ដឹកនាំប្រទេសធំៗផងដែរ ។

រថយន្តនេះ បំពាក់កៅអីតែ ៤ ប៉ុណ្ណោះនៅកាប៊ីនខាងក្នុង។ កៅអីទាំង២ខាងក្រោយ ជាកៅអីធំ មានតាប្លូនៅចំកណ្តាលមួយ ហើយមានមុខងារកម្តៅ បញ្ចេញខ្យល់ និងម៉ាស្សា មួយកំប្លេតែម្តង។ ក្រៅពីនោះមានដូចជា ប្រព័ន្ធសំឡេង Burmester 3D និងអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ។

ចំពោះផ្នែកម៉ាស៊ីន វាបានបំពាក់មកជាមួយម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 ដែលមានកម្លាំង ៥៥០សេះ ដំណើរការជាមួយប្រព័ន្ធ EQ Boost ដែលអាចបង្កើតកម្លាំងបាន ២១សេះបន្ថែមទៀត។ SUV ខ្នាតធំនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៨វិនាទី។

សូមបញ្ជាក់ថា ត្បិតតែគេមិនទាន់ដឹងពីតម្លៃនៅក្នុងប្រទេសកម្ពុជា តែគេដឹងថា រថយន្ត Mercedes-Maybach GLS 600 4MATIC ស៊េរីឆ្នាំ២០២១ មានតម្លៃចាប់ពីជាង ១៦ម៉ឺនដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ៕