Honda ផលិតរថយន្តស្វ័យប្រវត្តិតែ ១០០ គ្រឿងគត់លើលោក កំពុងលក់នៅជប៉ុន

ចាប់ពីថ្ងៃទី ០៥ ខេមីនា ឆ្នាំ ២០២១ នេះ រថយន្ត Sedan ដ៏ទំនើបរបស់ Honda ដែលមានឈ្មោះថា Honda Legend Hybrid EX បានចេញលក់នៅលើទីផ្សារប្រទេសជប៉ុនហើយ ជាមួយតម្លៃចាប់ពី ១០២,៧៤០ ដុល្លារ ។

រថយន្តនេះជាប្រភេទរថយន្តស្វ័យប្រវត្តិ ដែលផលិតឡើងត្រឹមតែចំនួន ១០០គ្រឿងប៉ុណ្ណោះលើសកលោក ដោយបានបំពាក់មកនូវមុខងារពិសេសៗជាច្រើន ដែលមានដូចជា មុខងារជំនួយការបើកបរ Active Lane Keeping Assist, Active Lane Change និងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិត ៣ ព្រមទាំងមុខងារជាច្រើនទៀតរួមមាន ៖

– ឧបករណ៍ចាប់សញ្ញាជុំវិញរថយន្ត ដើម្បីកំណត់ការប៉ះទង្គិច និងត្រួតពិនិត្យស្ថានភាពអ្នកបើកបរជាមួយកាមេរ៉ាឃ្លាំមើលនៅក្នុងកាប៊ីន បង្ហាញការដាស់តឿនប្រសិនបើវារកឃើញការរំខាន ឬងងុយគេង។

– មុខងារ Hand-free វានឹងជួយអោយរថយន្តដំណើរការដោយស្ថេរភាព ទោះបីជាអ្នកបើកបរដកដៃចេញចង្កូតក៏ដោយ វានឹងដំណើការជាមួយប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ ។

– មុខងារ Assess the Traffic Situation នៅពេលដែលរកឃើញថារថយន្តនៅខាងមុខកំពុងបើកបរក្នុងល្បឿនទាប ប្រព័ន្ធនឹងបង្ហាញដំណឹងមុនពេលបើកជែងដោយស្វ័យប្រវត្តិហើយត្រឡប់ទៅគន្លងផ្លូវដើមវិញ។

– មុខងារ Traffic Jam Pilot វានឹងគ្រប់គ្រងលើប្រព័ន្ធហ្រ្វាំង និងចង្កូតរថយន្ត ដែលសមស្របក្នុងស្ថានភាពចរាចរណ៍ក្នុងទីក្រុងដែលមានមនុស្សច្រើន។

– មុខងារចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ(Emergency Stop Assist) នៅពេលដែលរកឃើញថាអ្នកបើកបរគ្មានការឆ្លើយតប ប្រព័ន្ធនឹងដាស់តឿនដោយសំឡេង និងរំញ័រខ្សែក្រវ៉ាត់កៅអី។ ប្រសិនបើអ្នកបើកបរនៅតែមិនទទួលការឆ្លើយតប ប្រព័ន្ធនឹងបន្ថយល្បឿនរថយន្តដោយបើកភ្លើងអាសន្ន និងស៊ីប្លេដើម្បីព្រមានរថយន្តនៅជុំវិញ។ ហើយប្រសិនបើមានករណីនៅពេលរកឃើញផ្លូវកំពុងមានអាសន្នប្រព័ន្ធនឹងគ្រប់គ្រងយានយន្តដើម្បីផ្លាស់ប្តូរផ្លូវហើយឈប់ ។

បើនិយាយពីផ្នែកម៉ាស៊ីនវិញ រថយន្ត Honda Legend Hybrid EX នេះបានបំពាក់ ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 ដំណើរការដោយប្រអប់លេខ ៧វគ្គ Dual-Clutch និងប្រព័ន្ធប៉ុងពីរ (SH-AWD) ៕