OnePlus 9 Series សហការជាមួយ Hasselblad ត្រៀមបង្ហាញខ្លួនជាផ្លួវការ

ទូរស័ព្ទទំនើប ឆ្លាតវៃជំនាន់ក្រោយរបស់ OnePlus ត្រូវបានគេបញ្ជាក់ថ្ងៃបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 23 មីនា ខាងមុខនេះ។ ការបញ្ជាក់នេះត្រូបានបង្ហាញនៅលើផ្ទាំងពាណិជ្ជកម្មរបស់ខ្លួនថា ទូរស័ព្ទស៊េរី 9 របស់ត្រកូល OnePlus នឹងចាប់ផ្ដើមបង្ហាញខ្លួនចាប់ពីម៉ោង 9 យប់ ម៉ោងនៅកម្ពុជា ដែលទូរស័ព្ទស៊េរីនេះនឹងក្លាយជាទូរស័ព្ទដំបូងដែលត្រូវបានសហការជាមួយនឹងម៉ាក Hasselblad ម៉ាកយីហោថតរូបរបស់ស៊ុយអ៊ែតដ៏ល្បីល្បាញ។

កិច្ចសហការចាប់ដៃគ្នាថ្មីរវាង OnePlus និង Hasselblad នេះមានរយៈពេល 3 ឆ្នាំ ត្រូវចំណាយទឹកប្រាក់សម្រាប់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍខ្ទង់ 150 លានដុល្លារអាមេរិក ដើម្បីចូលរួមអភិវឌ្ឍកាមេរ៉ារបស់ខ្លួនឱ្យមានការវិវឌ្ឍថែមមួយកម្រិតទៀត។ ការធ្វើពាណិជ្ជកម្មរួមគ្នានេះបានទទួលលទ្ធផលនៅក្នុងការអភិវឌ្ឍកាមេរ៉ា Hasselblad សម្រាប់ទូរស័ព្ទរបស់ OnePlus 9 series។ ប្រព័ន្ធនោះរួមមានបញ្ចូលនូវការក្រិតពណ៌តាមធម្មជាតិ ដែលមានគោលបំណងរក្សានូវពណ៌ដ៏សុក្រិត្យ និងរូបរាងធម្មជាតិរបស់ពណ៌ដែលថតចេញពី OnePlus 9 series។

ទន្ទឹមនឹងនេះដែរ មុខងារ Hasselblad Pro មានគោលបំណងក្នុងការបង្វែរការវាស់សម្រួលញាណកាមេរ៉ាផលិតដោយក្រុមហ៊ុនស៊ុយអ៊ែតនេះឱ្យដំណើរការលើទូរស័ព្ទទំនើបវិញ ដើម្បីឱ្យពណ៌ និងរូបភាពមានភាពច្បាស់លាស់សុក្រិត្យជាងមុន។ រូបរាងរបស់ Pro Mode នឹងត្រូវបង្កើតដោយផ្អែកលើកម្មវិធីដំណើរការរូបភាងរបស់ Hasselblad សម្រាប់ការគ្រប់គ្រងក្នុងកម្រិតកាន់តែមានភាពជំនាញជាងមុន។

បន្ថែមពីនេះផងដែរ ការកែសម្រួលខ្លះត្រូវបានលើកឡើងដូចជាមានការកែសម្រួល ISO កម្រិតតុល្យភាពនៃពណ៌ស ពន្លឺ និងការសម្រួលលើការផ្ដោតរូបភាព។ ទូរស័ព្ទស៊េរី 9 របស់ OnePlus នឹងអាចគាំទ្ររូបក្នុងទ្រង់ទ្រាយ 12-bit RAW សម្រាប់ពណ៌ពិតដើម្បីឱ្យរូបមានសម្រស់ពណ៌ និងមានភាពរស់រវើក។

ជាងនេះទៀត ក្រុមហ៊ុន OnePlus ក៏បានបង្ហាញផងដែរថា ខ្លួននឹងផ្ដល់មូលនិធិ និងអភិវឌ្ឍមន្ទីរពិសោធន៍ស្រាវជ្រាវ និងអភិវឌ្ឍរូបភាពចំនួន 4 នៅក្នុងសហរដ្ឋអាមេរិក និងជប៉ុន។ បន្ថែមពីនេះដែរ  ទូរស័ព្ទទំនើបស៊េរី 9 របស់ OnePlus នឹងបង្ហាញខ្លួនជាមួយនឹងកាមេរ៉ាដែលប្រើស៊េនស័ររបស់ Sony IMX 789 មាន ISO ពីរ មានមុខងារថតផ្ដោតរូបពេញ ថតវីដេអូច្បាស់រូបភាព HDR និងថតក្នុងកម្រិត [email protected] កាមេរ៉ាប៉ារ៉ាណូម៉ាជាមួយនឹងលក្ខណៈរូប 140 យ៉ាងផ្សេងគ្នា និងមានបច្ចេកវិទ្យា T-lens សម្រាប់ការថតរូបផ្ដោតសំខាន់លើចំណុចណាមួយបានយ៉ាងរហ័សនៅកាមេរ៉ាមុខ៕

ប្រភព៖ GSM Arena